សម្តេចធិបតី៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង គឺជាការបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលបានលើកកម្ពស់កាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់អំពីការលើកឡើងកន្លងទៅពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃ១៧-១៨ ខែមេសា, អំពីជំហរនយោបាយរបស់កម្ពុជា ដែលយកប្រទេសជាមិត្ត គ្រប់គ្នា ស្មើសិទ្ធិ ស្មើមុខស្មើមាត់ និងមិនយកប្រទេសណា ចោលប្រទេសណានោះទេ។ ការគូសបញ្ជាក់នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង គឺជាការបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលបានលើកកម្ពស់កាន់តែស៊ីជម្រៅ និង កាន់តែរឹងមាំ ហើយបានវិវត្តក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យ និងគ្រប់រដូវកាល។ កម្ពុជាប្រកាន់គោលជំហរច្បាស់លាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រប់ប្រទេស សំដៅបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ហើយធានានូវអធិបតេយ្យភាព និងបូរណភាពទឹកដី។
ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅអ្នកនយោបាយមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវ “គុណធម៌, សីលធម៌, សច្ចធម៌ និងជំហររឹងមាំច្បាស់លាស់” សម្រាប់ធ្វើនយោបាយ ហើយរួមគ្នាគិតវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយវិជ្ជមានអំពីកម្ពុជា។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត








