សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ។ មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត និងប្រភេទហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខុសគ្នា តែទិសដៅដូចគ្នា គឺជាសមិទ្ធផលដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់មូលដ្ឋាន។ យើងនឹងបន្តចេញទៅសម្ពោធសមិទ្ធផល ទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាសវិជ្ជមានពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ កំពង់ផែនេះ មិនត្រឹមជាផែទេសចរណ៍នោះទេ គឺជាផែចម្លង បង្កើតទេសចរណ៍បន្ថែមសម្រាប់អ្នកខេត្តកំពត លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានផង និងជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់ទេសចរណ៍តភ្ជាប់ខេត្តជាប់គ្នា ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
បន្ថែមពីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរៀបចំតុបតែង ការពារ និងបង្កលក្ខណៈអំណោយផលដល់ការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារដែលបានរៀបចំតុបតែង និងបង្កលក្ខណៈសប្បាយរីករាយ, ព្រមទាំង ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានថែរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់ តាមរយៈការសាមគ្គីគ្នា និងស្រលាញ់គ្នា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី។
មួយវិញទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំការដឹកជញ្ជូនបងប្អូនទៅស្រុកកំណើតទាំងទៅទាំងមក សរុបជា ២៥៥៦ ជើង ដោយដឹកបានប្រមាណជិត១០ម៉ឺននាក់ ជាមួយការសន្សំថវិកាបានជាង ១.៧ លានដុល្លារ។ ក្នុងនេះផងដែរ, សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្ត ពិសេសបងប្អូនប្រជាជនយើង ដែលបានផ្តល់ការគោរព និងការយោគយល់គ្នា លេងសប្បាយប្រកបដោយការទទួលខុសត្រូវ និងសីលធម៌ខ្ពស់ ប្រកបដោយភាពចាស់ទុំ និងបង្កើតបានស្មារតីស្នេហាជាតិ ព្រោះថា បុណ្យចូលឆ្នាំ គឺជាការអបអរសាទរបែបវប្បធម៌ ប្រពៃណី និងការកំសាន្តល្បែងប្រជាប្រិយ យើងគិតវិជ្ជមាន ធ្វើវិជ្ជមាន ផ្សព្វផ្សាយវិជ្ជមាន ហ្នឹងហើយ យើងរួមគ្នាដើម្បីប្រទេសជាតិរបស់យើង៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត





