រដ្ឋអាជ្ញាកូរ៉េខាងត្បូងចោទអតីតប្រធានាធិបតី Moon ពីបទពុករលួយ
បរទេស ៖ រដ្ឋអាជ្ញា របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចោទប្រកាន់ អតីតប្រធានាធិបតី Moon Jae-in ពីបទពុករលួយ។
ការិយាល័យរដ្ឋអាជ្ញា តំបន់ Jeonju បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Moon ត្រូវបានចោទប្រកាន់ ពីបទពុករលួយ សម្រាប់ការទទួលបានប្រាក់ ចំនួន១៥ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងការសម្របសម្រួលការងារ របស់កូនប្រសារ នៅក្រុមហ៊ុនអាកាសចរណ៍មួយ។
យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា កូនប្រសាររបស់លោក Moon ត្រូវបានតែងតាំង ជានាយកគ្រប់គ្រង ដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Thai Eastar Jet ទោះបីជាខ្វះបទពិសោធន៍ ឬ លក្ខណៈសម្បត្តិពាក់ព័ន្ធ ក្នុងឧស្សាហកម្មអាកាសចរណ៍ ក៏ដោយ។ រីឯ ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ហិរញ្ញវត្ថុ ផ្សេងទៀត ដែលក្រុមហ៊ុនអាកាសចរណ៍បានបង់ ឱ្យកូនប្រសារ នៅចន្លោះឆ្នាំ២០១៨ និង ២០២០ ត្រូវបានបញ្ជាក់ថា មិនមែនជាប្រាក់បៀវត្សរ៍ ស្របច្បាប់ទេ ប៉ុន្តែ ជាសំណូកដែលមានបំណង ផ្តល់ជូនអតីតប្រធានាធិបតី។ ក្រោយមក កូនប្រសា រូបនេះ បានលែងលះកូនស្រី របស់ លោក Moon។
គួររម្លឹកថា លោក Moon បានកាន់តំណែង ជាប្រធានាធិបតី នៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។ នេះគឺជាករណីបន្ថែមមួយទៀត ពីលើរឿងនយោបាយ នៅកូរ៉េខាងត្បូង ពោលគឺប្រទេសនេះ កំពុងត្រៀមការបោះឆ្នោត នៅថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានដកចេញពីតំណែងប្រធានាធិបតី ដោយសារតែការដាក់ច្បាប់អាជ្ញាសឹក ក្នុងរយៈពេលខ្លី៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត