កម្ពុជា កំពុងឈានជិតដល់ការសម្រេចបានជោគជ័យ នូវកម្ពុជា គ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥
(ភ្នំពេញ)៖ ប្រទេសកម្ពុជា កំពុងតែឈានឆ្ពោះ ជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ ដែលជាដំណើរ គួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ។ នេះបើតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ។
សម្ដេចធិបតី បានបន្ថែមថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានា កុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំង ផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយ អំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួម លើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា ។
សម្ដេចធិបតី បានបន្តថា ឆ្នាំនេះជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសយើងត្រូវសម្រេចគោលដៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពនៅទូទាំងប្រទេស។ ប្រទេសកម្ពុជាយើងមានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់រួមមាន៖ ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។ ឆ្នាំ២០២៤ ប្រទេសកម្ពុជា មានជំងឺគ្រុនចាញ់ត្រឹមតែ ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់កម្រិត របស់ ក្រសួងសុខាភិបាល ក៏ដូចជាក្រសួង អង្គភាពពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ប្រជាជនគ្រប់រូប និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំចូលរួមបំពេញភារកិច្ចជាប្រវត្តិសាស្ត្រនេះ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវា សុខាភិបាលសមធម៌ដល់ប្រជាជនប្រឈមជំងឺគ្រុនចាញ់នៅទូទាំងប្រទេសទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជន ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ៕
ដោយ ៖ វណ្ណលុក


