ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុនចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាម​ឃ្យូអរកូតរវាង KHOR នៃប្រទេស​កម្ពុជា និង JPOR នៃប្រទេសជប៉ុន

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពី កិច្ច​សហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR នៃប្រទេសកម្ពុជា និង JPOR នៃប្រទេសជប៉ុន ក្នុងគោល​បំណង​​បង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថាកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR និងJPQR នេះ ត្រូវបាន​បែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែល​ប្រើប្រាស់ប្រព័ន្ធបាគង​អាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុន​អាចស្កេន KHQR សម្រាប់ ការទូទាត់នៅ​ប្រទេសកម្ពុជាបាន។

ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ ឆ្លងដែនជាមួយ​ប្រទេសជប៉ុន ។រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមឃ្យូអរកូត​ជាមួយ​ភាគីកម្ពុជា។ ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាព​ប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយ​តម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។ ទន្ទឹមនេះ ម្ចាស់អាជីវកម្ម​ក្នុងស្រុកទាំង​ខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHOR ក្នុងប្រទេសកម្ពុជា ឬ POR ក្នុងប្រទេសជប៉ុន នឹង ទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្ដល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា លើសពីនេះ អាជីវករក៏​អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបាន​កាន់តែ​ងាយស្រួល ឆាប់រហ័ស មានតម្លៃ សមរម្យ និងប្រកបដោយ​សុវត្ថិភាពផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ និងជាពិសេស​ទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ធនាគារជាតិបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ខាងលើធ្វើឡើងដោយផ្អែកលើក្របខណ្ឌ​អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្នាក់ជាតិដែលបានចុះហត្ថលេខាដោយធនាគារ​ជាតិនៃ​កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃ​ប្រទេស​ជប៉ុន ដែលជាក្របខណ្ឌកិច្ចសហការទូទាត់ តាមឃូអរកួតឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការក្នុង វិស័យសាធារណៈ និងឯក​ជន ព្រមទាំងស្ថាប័ន-អង្គភាពពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីអនុវត្តការធ្វើ អន្តរប្រតិបត្តិការទូទាត់ឆ្លងដែនតាម​ឃ្យូអរ​កូតរវាង KHQR និង JPQR ឱ្យបានជោគជ័យ។ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតសម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ឆ្នាំ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង អូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រីឯដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner