អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ៖ ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា វត្តមានរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ដែលបានបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជារយៈពេល ២ថ្ងៃ កន្លងមកនេះ គឺចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ គឺបង្ហាញអំពីភាតរភាពជាមិត្តភាព ក្នុងខណៈជាប្រទេសភូមិផងរបងជាមួយផង ក្នុងឋានៈជាប្រទេសជាសមាជិកនៃសមាគមអាស៊ានជាមួយគ្នាផង។ ជាពិសេសទំនាក់ទំនងល្អរបស់កម្ពុជាដែលកសាងទំនាក់ទំនងការទូតជាមួយប្រទេសថៃច្រើនទសវត្សមកហើយ។

បណ្ឌិត សួន សេរីរដ្ឋា បានបន្តថា ដំណើរទស្សនកិច្ចនេះ បានកសាងនៅស្ពានមេត្រីភាពរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ គឺឲ្យរិតចំណងមិត្តភាពទាំងផ្នែកពាណិជ្ជកម្ម ទាំងផ្នែកសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាសន្តិសុខនៅក្នុងប្រទេសទាំងពីរ គឺទ្វេភាគី ក៏ដូចជាការនាំមកនៅការរិតចំណងការទូតជាន់ខ្ពស់មួយកម្រិតថែមទៀតរវាងកម្ពុជា-ថៃ ឲ្យកាន់តែប្រសើរឡើង ពីព្រោះយើងបានដឹងហើយថា ថៃគឺជាប្រទេសមិនមែនត្រឹមតែប្រទេសជិតខាងរបស់កម្ពុជាទេ គឺថែមទាំងជាប្រទេសដែលមានវប្បធម៌ ប្រពៃណីប្រហាក់ប្រហែលស្រដៀងនឹងកម្ពុជាទៀតផង។

ជាពិសេសគឺជាប្រទេសដែលគោរពបូជាព្រះពុទ្ធសាសនាដូចគ្នា។ ទំនាក់ទំនងល្អនេះ ក៏វាកើតចេញអំពីមរតកនយោបាយដែលបានបន្សល់ទុកពីសម័យដែលដឹកនាំដោយសម្តេចតេជោ ហើយនឹងសម័យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ដែលថ្នាក់ដឹកនាំជាន់ចាស់ទាំងពីររូបបានបន្សល់នៅផ្លូវជាដានផ្លូវដ៏ល្អមួយសម្រាប់អ្នកដឹកនាំជាន់ខ្ពស់ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ដែលបានមកទស្សនកិច្ចនៅកម្ពុជា។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តទៀតថា អ្វីដែលគួរចាប់អារម្មណ៍នោះដូចដែលលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃបានលើកឡើងថា លោកស្រីនិងសម្តេចធិបតី គឺសំណាងដោយសារមានឪពុកជាអតីតនាយករដ្ឋមន្ត្រី ហើយក៏ជាទីប្រឹក្សាទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងសន្តិសុខដ៏ល្អប្រសើរ។ ហេតុនេះ ចំណងមិត្តភាពនេះ គឺជាចំណងមិត្តភាពដែលយូរអង្វែងសម្រាប់កម្ពុជាទៅមុខទៀត ដើម្បីឲ្យប្រទេសទាំងពីរខិតជិតទៅរកដំណោះស្រាយដោះស្រាយបញ្ហាផ្សេងៗដែលមានវិវាទបន្សល់តិចតួចកន្លងមករឹតតែពន្លឿនកិច្ចការនេះឲ្យបានចប់សព្វគ្រប់ក្នុងឋានៈជាប្រទេសអធិបតេយ្យភាពរៀងៗខ្លួន៕
ដោយ៖ពលជ័យ

ads banner