ទូត ហ្វីលីពីន ប្រចាំកម្ពុជា សន្យាចូលរួមលេីកកម្ពស់វិស័យវប្បធម៌ និងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់ក្នុង កម្ពុជា

អត្ថបទដោយ៖
គន្ធា ឃិន

(បន្ទាយមានជ័យ)៖ សកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់ ,ការងារកសិកម្ម និង វិស័យវប្បធម៌នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា សន្យាចូលរួមលេីកកម្ពស់។ ការលើកឡើងនេះ ក្នុងជំនួបថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និង លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ខណៈអញ្ជើញបំេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអំពីសក្ដានុពលរបស់ខេត្ត មានតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ ព្រមទាំង បានលើកឡើងអំពីតំបន់ទេសចរណ៍វប្បធម៌ មានប្រាសាទបុរាណ ដូចជាប្រាសាទបន្ទាយឆ្មារ ដែលមានវ័យចំណាស់នៅក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងមានទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត ។

លោកជំទាវ ឯកអគ្គរដ្ឋទូតហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍ថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ ពិសេសនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស កាន់តែមានការអភិវឌ្ឍលើគ្រប់វិស័យ ។ លោកជំទាវ ក៏បានរំឭកអំពីការចុះអនុស្សរណៈនៃការយោគយល់រវាងប្រទេសកម្ពុជា និងហ្វីលីពីន ខណៈ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីននាពេលកន្លងទៅថ្មីៗនេះ។

តាមរយៈ នៃទំនាក់ទំនងនេះលោកជំទាវ ក៏បង្ហាញក្តីសង្ឃឹមថា ថ្ងៃអនាគតប្រទេសកម្ពុជា និងហ្វីលីពីន កាន់តែមានទំនាក់ទំនងកាន់តែជិតស្និត អាចមានការផ្លាស់ប្តូរបច្ចេកទេស និងអ្នកស្រាវជ្រាវផ្នែកវប្បធម៌ ដើម្បីបង្កើនតម្លៃវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសេីរ ។លោកជំទាវ ក៏បានលេីកឡេីង ថា ក្នុងនាមឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា បានត្រៀមរួចរាល់ក្នុងការសហការចូលរួមលេីកកម្ពស់វិស័យវប្បធម៌របស់ប្រទេសកម្ពុជា ។

ជាមួយគ្នានោះ លោកជំទាវ ក៏សន្យានឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់ក៏ដូចជានៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់ ។ ហេីយក្រៅពីសកម្មភាពនៃការបោសសម្អាតមីន ក៏នឹងជួយគាំទ្រលើកកម្ពស់វិស័យផ្សេងៗដូចជាវិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី ក៏បានថ្លែងអំណរគុណចំពោះប្រតិភូឯកអគ្គរដ្ឋទូត ហ្វីលីពីន ដែលបានគាំទ្រចូលរួមក្នុងការលើកកម្ពស់វិស័យវប្បធម៌នៅក្នុងប្រទេសកម្ពុជាពិសេសទាក់ទិនទៅនឹងសកម្មភាពបោសសម្អាតមីននៅកម្ពុជាសម្រាប់រដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍ជានិច្ចចំពោះជំនួយរបស់ហ្វីលីពីនដើម្បីជួយដល់កម្ពុជា ។

សូមបញ្ជាក់ថា ច្រកទ្វាអន្តរជាតិប៉ោយប៉ែត នៅត្រីមាសទី១ដើមឆ្នាំ២០២៥ មានភ្ញៀវទេសចរណ៍អន្តរជាតិឆ្លងកាត់ជិត ៥០ម៉ឺននាក់ ក្នុងនោះទេសចរណ៍ហ្វីលីពីនជាង ២ពាន់នាក់ និងភ្ញៀវទេសចរណ៍ចូលលេងកាស៊ីណូ ជាង ៧២ម៉ឺននាក់។ រីឯជនបរទេសដែលមាននៅក្នុងប្រព័ន្ធ នៃការធ្វើបណ្ណ និងធ្វើសៀវភៅការងារបញ្ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ មានចំនួន ៦.២៤៥នាក់/ស្រីចំនួន ១.៩៩៨នាក់ ស្មើនឹង ៣៥សញ្ជាតិ ក្នុងនោះមាន ជនជាតិហ្វីលីពីនចំនួន ២៤៨នាក់/ស្រីចំនួន ១៣០នាក់។ ទន្ទឹមនោះ បុគ្គលិកជាជនបរទេស ដែលធ្វើការនៅតាមកាស៊ីណូមួយចំនួន ក្នុងក្រុងប៉ោយប៉ែត មានចំនួន ១.៨០៥នាក់ ក្នុងនោះ បុគ្គលិកជាជនជាតិហ្វីលីពីន ១២៦នាក់ ៕

ដោយ ៖ ឃិន គន្ធា

ads banner