ប៉ាគីស្ថានត្រៀមខ្លួនការពារអធិបតេយ្យភាពបន្ទាប់ពីឥណ្ឌាគំរាម
បរទេស ៖ មេដឹកនាំ ប្រទេសប៉ាគីស្ថាន បាននិយាយ នៅថ្ងៃសៅរ៍នេះថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រទេស បន្ទាប់ពីមានការវាយប្រហារដ៏សាហាវ នៅក្នុងតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ដែលទីក្រុង ញូវដែលី បានស្តីបន្ទោស លើទីក្រុង អ៊ីស្លាម៉ាបាដ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ក៏បានអំពាវនាវឱ្យមាន “ការស៊ើបអង្កេតអព្យាក្រឹត” ដោយឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រ “អំពើភេរវកម្មឆ្លងព្រំដែន” បន្ទាប់ពីខ្មាន់កាំភ្លើងបានធ្វើការវាយប្រហារដ៏អាក្រក់បំផុត លើជនស៊ីវិល នៅតំបន់កាស្មៀរ។ ទីក្រុង ក្រុងអ៊ីស្លាម៉ាបាដ បដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ កាលពីថ្ងៃទី ២២ ខែមេសា។ ពេលនោះ មានអ្នកទេសចរ ២៦នាក់ ត្រូវបានខ្មាន់កាំភ្លើងមួយក្រុម បាញ់សម្លាប់។
លោក Sharif បាននិយាយ នៅក្នុងពិធីយោធាមួយ នៅទីក្រុង Abbottabad ថា «កងកម្លាំងប្រដាប់អាវុធ ដ៏ក្លាហានរបស់យើង នៅតែមានសមត្ថភាព ពេញលេញ និងត្រៀមខ្លួន ដើម្បីការពារអធិបតេយ្យភាព របស់ប្រទេស»។
កងទ័ពឥណ្ឌា បាននិយាយ នៅថ្ងៃសៅរ៍នេះដែរថា ភាគីទាំងពីរបានដាក់ចេញនូវវិធានការការទូតមួយចំនួន ខណៈពេលដែលកងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានបាញ់ប្រហារគ្នា ពេញមួយយប់ នៅក្នុងតំបន់ Kashmir ថ្មីៗនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

