ត្រាំថាសង្ស័យលើពូទីន ពេលជួប Zelensky ជាថ្មី

បរទេស ៖ លោក Trump ប្រធានាធិបតី សហរដ្ឋអាមេរិក បានបង្កើនការសង្ស័យ របស់លោក ចំពោះមេដឹកនាំរុស្ស៊ី លោក Putin បន្ទាប់ពីបានជួបមេដឹកនាំអ៊ុយក្រែន លោក Zelensky ជាថ្មី នៅក្នុងព្រះរាជពិធីបុណ្យសព សម្តេចប៉ាប នៅប្រទេសអ៊ីតាលី។

នេះជាជំនួប លើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីការប៉ះទង្គិចពាក្យសម្តីគ្នាខ្លាំងៗ នៅសេតវិមាន កាលពីខែកុម្ភៈ។ លោក Donald Trump បានដាក់ការងឿងឆ្ងល់ថា តើលោក Vladimir Putin ចង់បានកិច្ចព្រមព្រៀងសន្តិភាព ដែរឬទេ ពោលគឺ ភ្លាមៗបន្ទាប់ពីលោកបានជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅវិហារ St Peter’s Basilica មុនពេលមានព្រះរាជពិធីបុណ្យសព របស់សម្តេចប៉ាប ហ្រ្វង់ស៊ីស កាលពីថ្ងៃសៅរ៍។

លោក Trump បានអះអាង តាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម Truth Social ថា «មិនមានហេតុផល សម្រាប់លោក Putin ក្នុងការបាញ់មីស៊ីល ទៅកាន់តំបន់ជនស៊ីវិល ទីក្រុង និងទីប្រជុំជននោះទេ…វាធ្វើឱ្យខ្ញុំគិតថា ប្រហែលជាគាត់ មិនចង់បញ្ឈប់សង្រ្គាមទេ គាត់គ្រាន់ ធ្វើពុត​ចង់បាន…ស្លាប់មនុស្ស ច្រើនណាស់!!!»។

លោក Zelensky វិញ បាននិយាយថា លោក និងលោក Trump បានពិភាក្សាអំពីបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដែលអាចកើតមាន ជាមួយរុស្ស៊ី ហើយកំពុងតែសង្ឃឹមសម្រាប់លទ្ធផល ពី កិច្ចប្រជុំ ដែលលោកហៅថាជានិមិត្តរូប មានសក្តានុពល និងជាប្រវត្តិសាស្ត្រ។

លោក Zelensky បានសរសេរ នៅលើបណ្តាញសង្គម X ថា «យើងបានពិភាក្សាច្រើន ពីរឿងមួយ ទៅរឿងមួយ»។ លោកបានបន្ថែមថា «ខ្ញុំរំពឹងសម្រាប់លទ្ធផល លើអ្វីគ្រប់យ៉ាង ដែលយើងបានពិភាក្សាគ្នា… ការពារអាយុជីវិតប្រជាជនរបស់យើង…បទឈប់បាញ់ពេញលេញ និងដោយគ្មានលក្ខខណ្ឌ… សន្តិភាពដែលអាចទុកចិត្តបាន និងយូរអង្វែង ដែលនឹងទប់ស្កាត់ មិនឲ្យកើតមានសង្រ្គាម ផ្សេងទៀត»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner