កងទ័ពរុស្ស៊ីថា កូរ៉េខាងជើងពិតជាជួយធ្វើសង្គ្រាម
បរទេស ៖ កងទ័ពរុស្ស៊ី បាននិយាយថា ខ្លួនទើបបានវាយដណ្តើមយកតំបន់ Kursk ពីអ៊ុយក្រែន មកវិញ ដោយមានជំនួយជាពិសេស ពីកងទ័ពរបស់កូរ៉េខាងជើង ហើយនេះត្រូវបានគេដឹងថា ជាការទទួលស្គាល់ពីវត្តមានទ័ពកូរ៉េខាងជើង ជាលើកដំបូង ក្នុងការធ្វើសង្គ្រាមនេះ។
អគ្គសេនាធិការ រុស្ស៊ី លោក Valery Gerasimov បានរាយការណ៍ប្រាប់ប្រធានាធិបតី ពូទីន កាលពីថ្ងៃសៅរ៍ អំពីការរំដោះតំបន់ព្រំដែន Kursk យ៉ាងពេញលេញ ពីការគ្រប់គ្រង របស់អ៊ុយក្រែន ដោយមានជំនួយ ពីទាហានកូរ៉េខាងជើង។ លោកបានសាទរចំពោះ “វីរភាព” របស់ទាហានកូរ៉េខាងជើង ដែលបានចូលរួម ក្នុងប្រតិបត្តិការនេះ ដែលបានផ្តល់ជំនួយយ៉ាងសំខាន់ ក្នុងការកម្ចាត់ក្រុមកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន។
ប៉ុន្តែ ភ្លាមៗ កងទ័ពអ៊ុយក្រែន បានបដិសេធ ចំពោះការអះអាងរបស់រុស្ស៊ី ក្នុងការបណ្តេញកងកម្លាំងរបស់ខ្លួន ចេញពីតំបន់ Kursk ដោយនិយាយថា «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសត្រូវ ជារឿងបរាជ័យ ហើយនេះ គឺជាល្បិចឃោសនា»។
យោងតាមទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងនិងលោកខាងលិច បានឲ្យដឹងថា ទាហានជាង១ម៉ឺននាក់ មកពីប្រទេសកូរ៉េខាងជើង ត្រូវបានបញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំមុន ដើម្បីជួយទីក្រុងម៉ូស្គូ នៅតំបន់ Kursk។
អ៊ុយក្រែនសង្ឃឹមថា ខ្លួនអាចប្រើប្រាស់ដី នៅក្នុងតំបន់ Kursk ជាបន្ទះឈីប ចរចារ សន្តិភាព នាពេលអនាគត ជាមួយរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត