ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយកប្រតិបត្តិ នៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតជូនលោកបណ្ឌិត មេហ្គាត ហ៊្សូហាយរី ប៊ីន មេហ្គាត ថាជូឌីន (Ir Dr Megat Zuhairy bin Megat Tajuddin) នាយកប្រតិបត្តិ នៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី (Chief Executive of National Cybersecurity Agency, Malaysia – NACSA) និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន លោកបណ្ឌិតនាយកប្រតិបត្តិ អំពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសន្តិសុខសាយប័រ កិច្ចការការពារទិន្នន័យឯកជន និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល ជាពិសេសជំនាញសន្តិសុខសាយប័រ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកបណ្ឌិតនាយកប្រតិបត្តិ ក៏បានចែករំលែកឧត្តមានុវត្តន៍លើការងារសន្តិសុខសាយប័រ មុខងារ និង លិខិតបទដ្ឋានពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។
ឯកឧត្តមរដ្ឋមន្រ្តី និងលោកបណ្ឌិត បានបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានលើការងារសន្តិសុខសាយប័រ៕





ដោយ ៖ ង៉ាន់ ទិត្យ