រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ផលនេសាទកើនឡើង អត្រាស្លាប់សត្វផ្សោតថយចុះ និង កូនផ្សោតកើតថ្មីបាន ៦ក្បាល

(ភ្នំពេញ)៖ ក្រោមកិច្ចខិតខំប្រឹងប្រែងផលនេសាទមានការកើនឡើងគួរឱ្យកត់សម្គាល់ និងអត្រាស្លាប់ របស់សត្វផ្សោតមានការថយចុះ ជាអតិបរិមា ចំណែក អត្រាកើតរបស់កូនផ្សោតមានការកើនឡើង គ្រាន់តែក្នុង រយៈពេល ៤ខែ ដើមឆ្នាំ២០២៥នេះ កូនផ្សោតកើតបាន ៦ក្បាល ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីអបអរសាទរ ទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព” ដែលរៀបចំធ្វើឡើងនាសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ប្រភេទវារីសត្វកម្រ និង កំពុងរងគ្រោះ ដូចជា ផ្សោតសមុទ្រ ជ្រូកទឹក អណ្តើកសមុទ្រ ក៏មានវត្តមានញឹកញាប់នៅតំបន់ឆ្នេរ ពិសេស ខេត្តកែប និង ខេត្តកំពត ដែលក្នុងនោះផ្សោតព័ណ៌ផ្កាឈូកមានវត្តមានស្ទើរជារៀងរាល់ថ្ងៃនៅតំបន់ព្រែកត្នោត ខេត្តកំពត។ ទន្ទឹមនោះ ប្រជាពលរដ្ឋមានការចូលរួមយ៉ាងផុសផុលក្នុងការផ្តល់ព័ត៌មាន និង ទប់ស្កាត់បទល្មើសនេសាទ លែងត្រីមេពូជ និងប្រភេទត្រីកំពុងរងគ្រោះថ្នាក់ចូលក្នុងធម្មជាតិវិញ ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមកជាលទ្ធផលក្នុងបណ្តាឆ្នាំកន្លងទៅ កម្ពុជាមិនត្រឹមតែអាច ធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជនទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបាន លើសពីតម្រូវការនិងបាននាំចេញផលិតផលកសិកម្ម ដោយបានមកវិញនូវចំណូលជារូបិយប័ណ្ណ អន្តរជាតិ។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបានជាអគ្គនាយករដ្ឋបាល ជលផលបានថ្លែងថា ការកែច្នៃជលផល បើទោះបីនៅតិចនៅឡើយ ហើយយើងទើបតែចាប់ផ្តើមក្តី ប៉ុន្តែក៏ផ្តល់ផលល្អផងដែរពីព្រោះថាផលនេសាទមួយចំនួនទៅដល់ទីផ្សារទំនើបហើយ និងមួយចំនួនក៏បាននាំចេញទៅក្រៅប្រទេសដែរបើទោះបីមិនច្រើនយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថានាពេលនេះមានសិប្បកម្មចំនួន៥ហើយដែលបានត្រៀមការនាំចេញដោយក្នុងនេះនឹងឱ្យសហភាពអឺរ៉ុបមកត្រួតពិនិត្យលទ្ធផលរបស់យើង ហើយបើសហភាពអឺរ៉ុបទទួលស្គាល់ហើយយើងអាចនាំចេញដែលពេលនោះពិភពលោកនឹងបានស្គាល់ពីទិន្នផលជលផលរបស់យើង។

ជាមួយការលើកឡើងបែបនេះ ឯកឧត្តម ពុំ សុថាបានថ្លែងដោយបញ្ជាក់ដែរថាព័ត៌មានជលផលក៏ជាផ្នែកមួយសំខាន់ដែលកម្ពុជាត្រូវអភិវឌ្ឍន៍ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទ ការគ្រប់គ្រងជលផល។ក្រៅពីនេះយើងអាចគ្រប់គ្រងការងារនេសាទ ទីតាំងនេសាទ ដោយក្នុងនេះមានការប្រើដ្រូនដើម្បីត្រួតពិនិត្យថាឧបករណ៍នោះត្រូវច្បាប់ឬខុសច្បាប់ដែលងាយស្រួលការទប់ស្កាត់បទល្មើសនានាកើតមានឡើង។

លោក IGOR DRIESMANS ឯកអគ្គរដ្ឋទូតសហភាអឺរ៉ុបប្រចាំកម្ពុជាបានបញ្ជាក់ថា”មានអនុលោមភាពច្បាប់ចំនួន២ ដែលយើងបានធ្វើការក្នុងភាពជាដៃគូ ក្នុងនោះបានសំដៅទៅលើការគាំទ្រ សហគមន៍នេសាទ ក្នុងនេះមានការគោរពច្បាប់បានត្រឹមត្រូវ និងចំណុចទី២គឺតាមដានពិនិត្យ និងវាយតម្លៃ នូវអ្វីដែលបានកើតឡើងក្នុងវិស័យនេះ។បើយើងឃើញចំណុចណាមួយខ្វះខាតយើងនឹងជួយដោះស្រាយ បានទាន់ពេលវេលា។ក្រៅពីនេះយើងនឹងនិយាយទៅដល់ប្រព័ន្ធទិន្នន័យដែលក្នុងនេះនៅក្នុងគេហទំព័ររដ្ឋបាលជលផលបានបង្ហាញព័ត៌មានជាច្រើនដែលសុទ្ធសឹងសម្តែងចេញការគាំទ្ររបស់សហភាពអឺរ៉ុប និង អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។

លោកថានាកន្លងមកសហភាអឺរ៉ុបបានសហការយ៉ាងជិតដិតជាមួយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងនិរន្តភាព ពង្រីកនូវចំណេះដឹងបន្ថែមទៀត នៅតាមសហគមន៍ក៏ដូចជា បទពិសោធន៍ដល់ពលរដ្ឋអំពីផ្លូវច្បាប់ ក្នុងការនេសាទពិសេសការនេសាទជលផលទឹកសាបជាដើម។រយៈពេលជាង២០ឆ្នាំមកនេះសហភាអឺរ៉ុប តែងផ្តល់ការគាំទ្រដល់អ្នកនេសាទកម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធ និងពិសេសការកសាងនិរន្តភាពទឹកសាបរបស់កម្ពុជា៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner