គុនខ្មែរ និង WuLinFeng នឹងឈានដល់ការសិក្សាក្នុងការសហវិនិយោគរៀបចំបង្កើតសង្វៀនប្រកួតកម្រិតស្តង់ដាពិភពលោកមួយនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ
(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន Wu Lin Feng តំណាងដោយលោក Shi Qing ប្រធានក្រុមប្រឹក្សាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ពិធីនេះធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានផ្សព្វផ្សាយ និងពត៌មានរបស់ខេត្តហឺណាន សាធារណៈរដ្ឋប្រជាមានិតចិន ។
ស្ថាប័ន Wu Lin Feng (武林风)ជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំជាងគេទីមួយនៅក្នុងប្រទេសចិន ដែលទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលចិន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនកំរិតជាតិ និងអន្តរជាតិនានា។ Wu Lin Feng ដែលជាដៃគូសហការរបស់ស្ថាប័នធំដូចជា K1, UFC, WCK, One Championship… បានកំពុងរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុននៅគ្រប់ខេត្តក្រុងក្នុងប្រទេសចិន ក៏ដូចជាទូទាំងសកលលោក។
កិច្ចសហប្រតិបត្តិការរវាងគុនខ្មែរ និង WuLinFeng នឹងឈានដល់ការសិក្សាក្នុងការសហវិនិយោគរៀបចំបង្កើតសង្វៀនប្រកួតកំរិតស្តង់ដាពិភពលោកមួយនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរៀបចំការប្រកួតកំរិតពិភពលោក ដោយមានកីឡាករមកពីគ្រប់ប្រទេស និងធ្វើការផ្សាយផ្ទាល់ទៅកាន់ប្រទេសចិន និង៥៥ប្រទេសទៀតលើសកលលោក។ គុនខ្មែរកំពុងតែបោះជំហ៊ានដ៏ធំមួយទៀតទៅកាន់ឆាកអន្តរជាតិហើយ៕
ដោយ ៖ ជាវ ចន្ធូ






