អាមេរិកបាត់យន្តហោះដ្រូនតម្លៃ ៣០ លានដុល្លារអស់ ៧ គ្រឿងក្នុងសង្គ្រាមជាមួយក្រុមហ៊ូទី

វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបាត់បង់យន្តហោះដ្រូន MQ-9 Reaper មានតម្លៃរាប់លានដុល្លារក្នុងសង្គ្រាមប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ហើយឥឡូវនេះមានសេចក្តីរាយការណ៍ថា យន្តហោះចម្បាំង F-18 មានតម្លៃខ្ទង់លានដុល្លារមួយគ្រឿងទៀតបានធ្លាក់ចូលសមុទ្រក្រហម។

ចាប់តាំងពីយោធាអាមេរិកចាប់ផ្តើមយុទ្ធនាការវាយលុកផ្លូវអាកាសកម្ទេចក្រុមហ៊ូទី កាលពីពាក់កណ្តាលខែមីនា យន្តហោះគ្មានមនុស្សបើក MQ-9 ដែលមួយគ្រឿងមានតម្លៃខ្ទង់ ៣០លានដុល្លារ បានដើរតួនាទីសំខាន់ជាអ្នកស្វែងរកទីតាំងស្តុកសព្វាវុធរបស់ពួកហ៊ូទី ដែលប្រើវាយប្រហារកប៉ាល់ដឹកទំនិញតាមផ្លូវទឹក និង សត្រូវរបស់ក្រុមឧទ្ទាមមួយនេះ មានដូចជាអ៊ីស្រាអែល និងអាមេរិក។

បើតាមកាសែតបារាំង AFP យន្ដហោះអាមេរិក F-18 មានតម្លៃរាប់លានដុល្លារ បានធ្លាក់ចេញពីនាវាផ្ទុកយន្ដហោះចម្បាំង Harry S. Truman ចូលទៅក្នុងសមុទ្រក្រហម កាលពីថ្ងៃចន្ទ ក្នុងឧបទ្ទវហេតុមួយដែលបណ្ដាលឱ្យនាវិកម្នាក់រងរបួស។ រីឯត្រាក់ទ័រមួយគ្រឿងដែលព្យាយាមសណ្ដោងយន្ដហោះនោះ មានតម្លៃខ្ទង់ ៦៧លានដុល្លារក៏ធ្លាក់ចូលក្នុងសមុទ្រក្រហមផងដែរ។

សហរដ្ឋអាមេរិកបានចាប់ផ្តើមវាយលុកផ្លូវអាកាសជាលើកដំបូងប្រឆាំងនឹងពួកហ៊ូទី ក្រោមការគ្រប់គ្រងនៃរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ហើយអ្នកស្នងតំណែងបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ ក៏បានប្តេជ្ញាដែរថា សកម្មភាពយោធាប្រឆាំងពួកឧទ្ទាមនេះ នឹងបន្តរហូតដល់ពួកគេលែងជាការគំរាមកំហែងដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់ពិភពលោក៕

ប្រភព ៖ RFI និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner