រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អួតពីវឌ្ឍនភាពពន្ធជាមួយដៃគូអាស៊ី
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃអង្គារ បានថ្លែងអួតពីវឌ្ឍនភាពពន្ធ ជាមួយដៃគូអាស៊ី។
លោករដ្ឋមន្ត្រី Scott Bessent មានអំនួត តាមរយៈវឌ្ឍនភាពពន្ធ ជាមួយដៃគូអាស៊ី ដូចជា ឥណ្ឌា កូរ៉េខាងត្បូង និង ជប៉ុន – ចំពេលភាពមិនប្រាកដប្រជា នៃទីផ្សារពិតប្រាកដ ដែលចាប់ផ្តើមឡើងដោយការដាក់ចេញពន្ធ លើទំនិញ ម្តងទៀត។
លោក Scott Bessent បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងសន្និសីទខ្លីមួយថា «ខ្ញុំអាចមើលឃើញការប្រកាសមួយចំនួន អំពីប្រទេសឥណ្ឌា…ខ្ញុំអាចមើលឃើញពីកិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋកូរ៉េ រួមគ្នា»។
ថ្លែងរួមជាមួយលេខាធិការ សារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt លោករដ្ឋមន្ត្រី Bessent ក៏និយាយផងដែរថា ប្រទេសចិនត្រូវតែនាំមុខ លើកិច្ចពិភាក្សាពន្ធគយ និង ពិភាក្សាអំពីស្ថានភាព នៃការចរចាជាមួយសហភាពអឺរ៉ុប។
បន្ទាប់ពីចូលកាន់តំណែង ក្នុងខែមករាមក លោកប្រធានាធិបតី Trump បានដាក់ពន្ធមូលដ្ឋាន ១០ភាគរយ លើប្រទេសភាគច្រើន រួមជាមួយនឹងការយកពន្ធខ្ពស់ លើប្រទេស រាប់សិបប្រទេស។ បន្ទាប់មក ផ្អាករយៈពេល៩០ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានកិច្ចពិភាក្សាពាណិជ្ជកម្ម។ សេតវិមានក៏បានដាក់ពន្ធលើប្រទេសចិន និងវិធានការជាក់លាក់ ក្នុងវិស័យបន្ថែម ដែលនាំឱ្យទីក្រុងប៉េកាំង ដាក់ពន្ធសងសឹកផ្ទាល់ខ្លួន មកលើទំនិញអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត
