សម្តេចតេជោ ចង់ឃើញប្រទេស កម្ពុជា និងវៀតណាម ពង្រីកនូវពាណិជ្ជកម្មជាមួយគ្នា ក្នុងនាមជាប្រទេសជិតខាង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ ប្រទេស កម្ពុជា និងវៀតណាម ពង្រីកនូវពាណិជ្ជកម្មជាមួយគ្នា ក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ ខណៈការប្រកួតប្រជែងរបស់ប្រទេស មហាអំណាច ជាពិសេស សង្គ្រាមពាណិជ្ជកម្ម ដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជា និងវៀតណាមផងដែរ ។ ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ យើងត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាស ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី វៀតណាម ក្នុងពេលចូលរួមពិធីអបអរសាទរ ខួប៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម នារសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ព មកចូលរួមព្យុហយាត្រាកងទ័ព ក្នុងខួប ៥០ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបង្រួមជាតិវៀតណាម ។

សម្តេចតេជោ បានលើកឡើងថា កាលពីអតីតកាលយើងជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជានិងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ សម្តេចតេជោ បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះ វាមានទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងពាណិជ្ជកម្ម។

សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ដែលភាគីទាំងពីរ បានចុះហត្ថលេខា លើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាព បង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយបញ្ហាពាណិជ្ជកម្ម នៅតាមបណ្តោយព្រំដែន។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ សម្តេចបន្ថែមថា ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦ លាន់នាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់ ។

ក្រៅពីពាណិជ្ជកម្ម ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ បានវាយយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សា នៅវៀតណាម ហើយវៀតណាមបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាល ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹងសមត្ថភាពមូលធនមនុស្សកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់ទៅកាន់ប្រទេសកម្ពុជា និងសន្យា ផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការពេញចិត្ត និងបានអរគុណចំពោះការសន្យារបស់ ឯកឧត្កមនាយករដ្ឋមន្រ្តីវៀតណាមក្នុងការសហការនិងគាំទ្រដល់កម្ពុជា។

សម្តេចតេជោ បានស្នើឲ្យវៀតណាមគាំទ្រ ទីម័រឡេស្តេចូលជាសមាជិកអាស៊ាន ។ សម្តេចតេជោ រំលេចថា ចាប់តាំងពីក្លាយជាអ្នកសង្កេតការណ៍នៅឆ្នាំ២០២២ ទីម័រឡេស្តេមិនត្រឹមតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ានជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនាដល់ការពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ផងដែរ។ ទីម័រឡេស្តេ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញរាល់តម្រូវការដែលមានចែងក្នុង ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិ ដោយបានបំពេញលក្ខណៈវិនិច្ឆ័យចំនួន ៦ ក្នុងចំណោម ៧ និងបន្តធ្វើឱ្យមានវឌ្ឍនភាពក្នុងការចូលជាភាគីនៃលិខិតូបករណ៍ គតិយុត្ត។

សម្តេចតេជោ អះអាងថា ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពវិជ្ជមានរបស់ទីម័រឡេស្តេ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ឲ្យទីម័រឡេស្តេក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ហើយទីម័រឡេស្តេ អាចបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិយុត្តដែលនៅសេសសល់នៅពេលក្រោយ។ សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំ ជាក្រុម ក្នុងពេលពិភពលោកមានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រឡេស្តេ ទទួល កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner