រោងចក្រចំនួន ៣៣ទីតាំងហើយបានបំពាក់ និងចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ
(ភ្នំពេញ)៖ កន្លងមក រោងចក្រសហគ្រាស និងក្រុមហ៊ុន ចំនួន ៣៣ ទីតាំង បានអនវត្តច្បាប់ដោយធ្វើការបំពាក់និងត្រៀមធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានរោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន២៤ ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះរួចហើយ។ ដោយឡែកនៅក្នុងខែឧសភាខាងមុខនេះ មានរោងចក្រ សហគ្រាសនិងក្រុមហ៊ុន ចំនួន៧ទីតាំងបន្ថែមទៀត ដែលធ្វើកាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមទីតាំងរបស់ខ្លួន។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ «ភាពស្អាតក្នុងដែនទឹក» ក្រសួងបរិស្ថានបានអនុវត្តច្បាប់ ដែលមានចែងក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិនិងបទដ្ឋានគតិយុត្តដែលមានជាធរមាន ចំពោះអ្នកប្រព្រឹត្តបទល្មើសបរិស្ថាន និងក្នុងតំបន់ការពារធម្មជាតិ។ ក្នុងនោះច្បាប់បានតម្រូវឱ្យរោងចក្រសហគ្រាស និងក្រុមហ៊ុន ដែលមានសក្តានុពលប្រភពបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលនេះជាការធ្វើទំនើបកម្ម នៃការតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន ដោយធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលដែលត្រូវបញ្ចេញចូលបរិស្ថាន និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ សហគ្រាស និងកាត់បន្ថយការចុះត្រួតពិនិត្យផ្ទាល់ពីមន្រ្តីជំនាញដែលអាចបង្កការរំខានដល់អ្នកវិនិយោគ។
ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា២៨០ និងមាត្រា២៨៤ បានកំណត់ការរៀបចំផែនការសកម្មភាពគ្រប់គ្រងការបំពុលទឹកសាធារណៈ ការចាត់វិធានការក្នុងករណីមានការបំពុលទឹកសាធារណៈ។ ដោយឡែកក្នុងមាត្រា៨២៩ និងមាត្រា៨៤៥ បានកំណត់ទោសទណ្ឌដែលត្រូវអនុវត្ត ចំពោះការមិនបំពេញកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រឹង រាវ ទឹកកខ្វក់ សារធាតុបំពុល ស្របតាមបទដ្ឋាន/ស្តង់ដារបញ្ចេញ។ វិធានការទាំងនោះរួមមាន ការពិន័យជាប្រាក់ និងទោសជាប់ពន្ធធានាគារ។
ជាមួយគ្នានេះ ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ត្រូវបានកំណត់ក្នុង មាត្រា១៧៨ របស់ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបញ្ជាក់ថា បុគ្គល ឬ ម្ចាស់ទីតាំងផលិតកម្ម ធ្វើអាជីវកម្ម ឬ សេវាកម្ម ដែលការបញ្ចេញសំណល់ អាចបង្កហានិភ័យបំពុលបរិស្ថានក្នុងកម្រិតខ្ពស់ ត្រូវអនុវត្តស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន នៅក្នុងទីតាំងរបស់ខ្លួន ដោយត្រូវអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ដែលកំណត់ដោយ ក្រមនេះ ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
ដោយ ៖ ង៉ាន់ ទិត្យ






