សម្ដេចតេជោ ហ៊ុន សែន សាទរលើព្រមព្រៀង បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ រវាងកម្ពុជា-វៀតណាម

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានអបអរ ចំពោះប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ដែលបានព្រមព្រៀងគ្នា បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពេលចូលរួមពិធីអបអរសាទរ ខួប៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម នារសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរចំពោះសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការប្រារព្ធពិធីសាទរ ខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។ សម្តេចតេជោ បានឆ្លៀតថ្លែងអំណរគុណបក្ស សភា និងរដ្ឋាភិបាលវៀតណាម ចំពោះការអញ្ជើញ​ កិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ​និង​បានចាត់ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។

សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច ពិតជាមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទ របស់កម្ពុជា ១២០រូប បានចូលរួមដើរក្បួនព្យុហយាត្រា អបអរសាទរខួប៥០នៃការបង្រួបបង្រួមប្រទេសវៀតណាម ។

ជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងទ័ព ចូលរួមក្នុងពិធីដើរក្បួន ព្យុហយាត្រានៃការប្រារព្ធពីធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។ វត្តមាន នៃកងទ័ពកម្ពុជា នៅក្នុងព្យុហយាត្រានេះ ជានិមិត្តសញ្ញា នៃការប្រកៀកស្មាគ្នាជាប់ជានិច្ច រវាងកងទ័ពវៀតណាម និងកម្ពុជា តាំងពីដំណាក់កាលដណ្តើមឯករាជ្យ និងកសាងជាតិ រហូតដល់ពេលបច្ចុប្បន្ន ។ ក្បួនព្យុហយាត្រា នេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ ។

នៅក្នុងជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសាទរចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តន៍ឆ្នាំ២០២៥-២០២៦ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មរបស់វៀតណាម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ។

កិច្ចសម្របសម្រួលពាណិជ្ជកម្មនេះ ភាគីទាំងពីរ បានព្រមព្រៀងគ្នា បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ២០ពាន់លានដុល្លារអាម៉េរិក និងដោះស្រាយ បញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន ផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀង​រវាងកម្ពុជា និងវៀតណាម ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម ឱ្យកើនដល់២០ពាន់លានដុល្លារ ហើយឯកឧត្តម ​បានស្នើឱ្យបង្កើតសមាគមមិត្តភាពរវាងសភាវៀតណាម និងសភាកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រ ចំពោះគំនិតរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងការបង្កើតសមាគមមិត្តរវាងសភាវៀតណាម និងសភាកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner