ក្រសួងសុខាភិបាល និង ក្រុមហ៊ុន GE HealthCare រួមគ្នាធ្វើទំនើបកម្មសុខាភិបាល និងអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្រ្ត សំដៅផ្តល់សេវាសុខាភិបាល ឱ្យមានប្រសិទ្ធផលខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន GE HealthCare ដឹកនាំដោយលោកវេជ្ជបណ្ឌិត Rajan Kalidindi ប្រធានផ្នែកទីផ្សារ និងផែនការយុទ្ធសាស្រ្ត ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាអំពីផែនការសហការបន្តរួមមាន ការអភិវឌ្ឍសេវាព្យាបាល ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃ បច្ចេកវិទ្យាថ្មីៗ ផ្នែកសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាងក្រុមហ៊ុន GE HealthCare និងក្រសួងសុខាភិបាល ជាពិសេស តាមរយៈអនុស្សរណៈនៃការយោគយល់ គាំទ្រការអភិវឌ្ឍ និងធ្វើទំនើបកម្មឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមបណ្តុះបណ្តាលបុគ្គលិកជំនាញថែមទៀតផង។

លោកវេជ្ជបណ្ឌិត Rajan Kalidindi បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ដ្រី ដែលបានឆ្លៀតពេលវេលាទទួលជំនួបពិភាក្សានាពេលនេះ ព្រមទាំង បានបន្តគាំទ្រការចូលរួមរបស់ក្រុមហ៊ុន GE HealthCare លើវស័យសុខាភិបាលតាំងពីពេលចាប់ផ្តើមនៃថ្ងៃដំបូង រហូតមកដល់ពេលនេះ។

លោក Rajan Kalidindi ប្រធានផែនការយុទ្ធសាស្រ្ត នៃក្រុមហ៊ុន GE HealthCare បានជម្រាប អង្គប្រជុំអំពីទិសដៅថ្មី ដែលក្រុមហ៊ុនគ្រោងនឹងសហការចូលរួមគាំទ្រលើបេសកម្មវិស័យសុខាភិបាល ដោយពង្រីកគម្រោងបណ្តុះបណ្តាលបន្ថែម ដល់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត។

ក្រុមហ៊ុន GE HealthCare បន្តការប្តេជ្ញាចិត្តក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈ ការរួមបញ្ចូលការបំពាក់ឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងកម្មវិធីបណ្តុះបណ្តាលលើធនធានមនុស្ស អោយស្របទៅនឹងការវិវឌ្ឍន៍នៃវេជ្ជសាស្ត្រពិភពលោក សំដៅចូលរួមលើកកម្ពស់ជំនាញថែទាំសុខភាព និងសម្រាប់ការផ្តល់សេវាកម្មដ៏ល្អបំផុតជូនអ្នកជំងឺ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាព ចំពោះសហការយ៉ាងជិតស្និទ្ធ និងមាន ប្រសិទ្ធភាពខ្ពស់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ដែលបានអភិវឌ្ឍរួមគ្នា រវាង GE HealthCare និងក្រសួងសុខាភិបាល ដោយបញ្ជាក់ក្តីសង្ឃឹមថា កិច្ចសហការនេះនឹង ជួយលើកកម្ពស់សមត្ថភាព ប្រព័ន្ធថែទាំសុខភាពជាតិ ទំនើបកម្មបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងការបណ្តុះបណ្តាលគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការផ្នែកថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner