សម្តេចតេជោ ហ៊ុន សែន សម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា-វៀតណាម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា កម្ពុជា និងវៀតណាម មិនត្រឹមតែត្រូវរក្សាសន្ទុះនៃទំនាក់ទំនងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនថែមទៀតដើម្បីពូនជ្រុំទំនាក់ទំនងជាប្រពៃណី ពង្រឹងសាមគ្គីភាព ការយោគយល់គ្នាកាន់តែប្រសើរឡើង និងកិច្ចសហប្រតិបត្តិការធ្វើភាគីឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរវិញ សម្ដេចតេជោ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម កាលពីខែកុម្ភៈកន្លងទៅបានស្ដែងយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងល្អរបស់គណបក្សទាំងពីរ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍ចំពោះសម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកកាន់ប្រទេសវៀតណាមនៅពេលនេះ។ ឯកឧត្តមក៏បង្ហាញនូវក្តីសប្បាយរីករាយដែលបានជួបជាមួយនឹងសម្ដេចតេជោសាជាថ្មី នៅក្នុងឱកាសថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅក្នុងទីក្រុងហូជីមិញ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ និងឯកឧត្តម តែងតែជួបគ្នាជាប្រចាំ និងចែករំលែកអំពីសភាពការណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក៏បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជូនកងទ័ពមកចូលរួមក្នុងព្យូហយាត្រាអបអរសាទរខួបលើកទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោអរគុណដល់ឯកឧត្តមអគ្គលេខាធិការបក្សបក្សដែលបានអញ្ជើញសម្ដេចឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់វៀតណាម និងបានអរគុណផងដែរចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលព្រមទាំងប្រជាជនវៀតណាម ចំពោះការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូ។ សម្តេចក៏បានអបអរសាទរ ឯកឧត្តមអគ្គលេខាធិការបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម។ សម្ដេចក៏បានសម្ដែងនូវក្តីរីករាយក្រៃលែងដែលបានមកកាន់ទីក្រុងហូជីមិញជាថ្មីម្ដងទៀត និងបានជួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការបក្សជាថ្មីទៀត បន្ទាប់ពីជំនួបកាលពីខែកុម្ភៈឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីកម្ពុជា ឡាវ វៀតណាម នៅក្នុងទីក្រុងហូជីននេះ។

សម្ដេចតេជោបានបង្ហាញនៅមោទនភាពដែលមានកងទ័ពកម្ពុជាបានចូលរួមក្នុងព្យុហយាត្រាកងទ័ពដើម្បីអបអរសាទរខួបលើកទី៥០ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម ដែលសកម្មភាពនេះមិនត្រឹមតែបង្ហាញអំពីមិត្តភាពជាអ្នកចិត្តខាងល្អ និងបងប្អូនល្អប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមបង្កើតនូវទំនាក់ទំនងកងទ័ព និងកងទ័ពទៀតផងដែររវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានបន្ថែមថា ក្នុងនាមជាអ្នកជិតខាងល្អ កម្ពុជានិងវៀតណាមតែងតែជួយគ្នាទៅវិញទៅមកនូវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាលំបាក។ សម្ដេចក៏រំលឹកពីអនុស្សាវរីយ៍របស់សម្ដេចកាលពីឆ្នាំ១៩៧៧ មកកាន់ប្រទេសវៀតណាមដើម្បីស្វែងរកនូវការគាំទ្ររំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងកសាងកម្ពុជាទម្រាំតែមានថ្ងៃនេះ។

ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមក៏បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ដោយ ឯកឧត្តមសង្កត់ធ្ងន់ថាភាពរីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំដោយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា នៅលើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះឡើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា វៀតណាមមិនភ្លេចនោះទេនូវការអរគុណ ចំពោះការគាំទ្រពីមិត្តភក្កិបរទេស ជាពិសេសគឺកម្ពុជាតែម្ដងដែលនៅជាមួយគ្នាក្នុងគ្រាលំបាក។ ឯកឧត្តមបានអរព្រះគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និងប្រជាជនកម្ពុជាដែលបានជួយគាំទ្រវៀតណាមទទួលបាននូវជ័យជម្នះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ ឯកឧត្តមបានបន្ថែមទៀតថា ដោយផ្អែកលើប្រវត្តិសាស្រ្តប្រទេសទាំងពីរ ដែលឆ្លងកាត់ជាមួយគ្នាដ៏លំបាក ប្រទេសទាំងពីរត្រូវតែរក្សា និងពូនជ្រុំ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្តទៀត។

សម្តេចតេជោ បានសម្តែងក្តីរីករាយដែលរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម បានចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា វៀតណាម ២០២៥-២០២៦” កាលពីថ្ងៃទី២៨ ខែមេសា នៅទីក្រុងហាណូយ ។ ភាគីវៀតណាមបានឯកភាពលើការបង្កើតយន្តការ គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីជំរុញការពង្រីកទំហំពាណិជ្ជកម្ម ដល់គោលដៅ២០ពាន់លាន និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែនៅជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ និង ឯកភាពជាមួយសម្តេចតេជោ លើការជំរុញទំហំពាណិជ្ជកម្ម ជាពិសេស ទ្វេភាគីវៀតណាម កម្ពុជា ឱ្យដល់២០ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម ក៏បានឯកភាពផងដែរ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយឱ្យអ្នកជំនាន់ក្រោយ នៃបក្ស និងរដ្ឋាភិបាលបន្តកិច្ចសហប្រតិការល្អ។ ឯកឧត្តម សង្ឃឹមថាទំនាក់ទំនង រវាងថ្នាក់ដឹកនាំវ័យក្មេងរបស់រដ្ឋាភិបាលនិងបក្ស រវាងប្រទេសទាំងពីរនិងកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចតេជោក៏បានអរគុណជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលវៀតណាម ដែលផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូ និងក៏បានជូនពរឯកឧត្តអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឱ្យមានសុខភាពល្អ និងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ច ហើយក៏អបអរសាទរជាមួយនឹងប្រជាជនវៀតណាមដែលនៅក្នុងឱកាសខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។
ជំនួបរបស់សម្តេចតេជោ ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលយ៉ាងខ្លាំងក្លាបំផុត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន

ads banner