សម្តេចតេជោ ហ៊ុន សែន៖ ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចកំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជា និងវៀតណាមផងដែរ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេស សង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជា និងវៀតណាមផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ យើងត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។ សម្តេចតេជោ ចង់ឃើញប្រទេសទាំងពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥
ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសវៀតណាម។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការស្វាគមន៍ចំពោះសម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងខួប៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិងបង្រួបបង្រួមវៀតណាម នៅទីក្រុងហូជីមីញនៅពេលនេះ។ ឯកឧត្តម អរគុណកម្ពុជា ដែលបានចូលរួមចំណែកនៅក្នុងការជួយវៀតណាមឱ្យសម្រេចបានជោគជ័យ។ ឯកឧត្តមក៏អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមព្យូហយាត្រាកងទ័ព។
សម្តេចតេជោ បានអបអរសាទរ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងឱកាសខួប៥០ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបង្រួមជាតិវៀតណាម។ សម្តេចប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងអស់ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម។ សម្តេចតេជោ បានលើកឡើងថា កាលពីអតីតកាលយើងជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជានិងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ សម្តេចតេជោ បញ្ជាក់ថា វៀតណាម ពូកែកែច្នៃ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះ វាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។ សម្តេចបន្ថែមថា សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ដែលភាគីទាំងពីរ៖ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ សម្តេចបន្ថែមថា ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦ លាន់នាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។ ក្រៅពីពាណិជ្ជកម្ម ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ បានវាយយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សា នៅវៀតណាម ហើយវៀតណាមបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាល ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹងសមត្ថភាពមូលធនមនុស្សកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ផាម មិញជិញ ក៏ពេញចិត្តចំពោះកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ ដែល ឯកឧត្តម សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា វៀតណាម សម្រេចបាន ២០ពាន់ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ ឯកឧត្តម បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់ទៅកាន់ប្រទេសកម្ពុជា និងសន្យា ផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការពេញចិត្ត និងបានអរគុណចំពោះការសន្យារបស់ឯកឧត្កមនាយករដ្ឋមន្រ្តីវៀតណាមក្នុងការសហការនិងគាំទ្រដល់កម្ពុជា។
ដោយឡែកក្នុងចុងបញ្ចប់នៃជំនួប សម្តេចតេជោ បានស្នើឱ្យវៀតណាមគាំទ្រ ទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន។ សម្តេចតេជោ រំលេចថា ចាប់តាំងពីក្លាយជាអ្នកសង្កេតការណ៍នៅឆ្នាំ២០២២ ទីម័រឡេស្តេ មិនត្រឹមតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ានជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនាដល់ការពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ផងដែរ។ ទីម័រឡេស្តេ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញរាល់តម្រូវការដែលមានចែងក្នុង ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិ ដោយបានបំពេញលក្ខណៈវិនិច្ឆ័យចំនួន ៦ ក្នុងចំណោម៧ និងបន្តធ្វើឱ្យមានវឌ្ឍនភាពក្នុងការចូលជាភាគីនៃលិខិតូបករណ៍ គតិយុត្ត។
សម្តេចតេជោ អះអាងថា ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពវិជ្ជមានរបស់ទីម័រឡេស្តេ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងឱ្យ ទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ហើយទីម័រឡេស្តេ អាចបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិយុត្តដែលនៅសេសសល់នៅពេលក្រោយ។ សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំ ជាក្រុម ក្នុងពេលពិភពលោកមានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រឡេស្តេ ទទួល កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន



