អាមេរិកលក់មីស៊ីលលឿនជាងសំលេងតម្លៃ ៣,៥ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តការលក់មីស៊ីលមានល្បឿនលឿនជាងសំលេង ៤ដងចំនួន ១.០០០គ្រាប់ ក្នុងតម្លៃ ៣.៥ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត មុនពេលលោកប្រធានាធិបតី Donald Trump ទៅទស្សនកិច្ចប្រទេសស្តេចប្រេងនេះ។
មីស៊ីល AIM-120 បង្កើតឡើងដោយក្រុមហ៊ុន Raytheon Technologies ជាអ្នកម៉ៅការការពារជាតិឈានមុខគេមួយរបស់សហរដ្ឋអាមេរិក មានជំនាញផលិតប្រព័ន្ធមីស៊ីលកម្រិតខ្ពស់។
ចំនុចពិសេសរបស់មីស៊ីលនេះ គឺមានល្បឿនលឿនជាងសំឡេង ៤ដង ពោលគឺហោះក្នុងល្បឿនជាង ១.៣០០ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យវាអាចស្ទាក់ចាប់ និងបំផ្លាញគោលដៅនៅចម្ងាយឆ្ងាយ។
មីស៊ីល AIM-120 ទទួលការបញ្ជាទិញពីប្រទេសជាង ៣៥ រួមទាំងសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូ តំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា។
ការលក់មីស៊ីលនេះ កើតឡើងមុនពេលលោកប្រធានាធិបតី Trump នឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីទៅប្រទេសកាតា និងអារ៉ាប់រួមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា។
នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៃអាណត្តិទីពីររបស់លោក Trump ក្រៅពីការធ្វើដំណើររយៈពេលខ្លីទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
