លោកត្រាំ ថាមិនឈរឈ្មោះ អាណត្តិទី៣ ទេ
បរទេស ៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ទូរទស្សន៍ NBC ថា លោកមិនស្វែងរកការឈរឈ្មោះបោះឆ្នោត ធ្វើជាប្រធានាធិបតី សម្រាប់អាណត្តិទីបី ដែលហាក់ផ្ទុយពីការលើកឡើង កាលពីមុនដែលថា លោកចង់កក់ទុក ១អាណត្តិទៀត។
ប្រធានាធិបតី Trump បាននិយាយ នៅក្នុងបទសម្ភាសមួយ ដែលចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា លោកមិនពិចារណាយ៉ាងម៉ត់ចត់ ក្នុងការឈរឈ្មោះ សម្រាប់អាណត្តិ សេតវិមាន ទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញ នោះទេ។ ជាការបដិសេធ បន្ទាប់ពីបុរស វ័យ៧៨ឆ្នាំ រូបនេះ ធ្លាប់បាននិយាយជាសាធារណៈ អំពីគំនិត ចង់បន្តធ្វើជាប្រធានាធិបតី បន្ថែមមួយអាណត្តិទៀតនេះ។
លោក Trump បានប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC News ដែលមានអ្នកសម្របសម្រួលឈ្មោះ Kristen Welker។ យោងតាមការដកស្រង់ ដែលបានចេញផ្សាយ លោក Donald Trump បានបន្ថែមទៀតថា «ខ្ញុំកំពុងសម្លឹងមើល ដើម្បីឱ្យមាន៤ឆ្នាំដ៏អស្ចារ្យ ហើយប្រគល់តំណែងនេះ ទៅនរណាម្នាក់ តាមឧត្ដមគតិ សាធារណរដ្ឋដ៏អស្ចារ្យ ដែលដើម្បីអនុវត្តភាពអស្ចារ្យនេះ បន្តទៅមុខ»។
លោក Trump ធ្លាប់បាននិយាយ ពីមុនថា លោកមិននិយាយលេងទេ អំពីការចង់ធ្វើប្រធានាធិបតី អាណត្តិទីបី ឬ សូម្បីតែ អាណត្តិ ទីបួន។ ក្រោយមក លោក Trump បាននិយាយថា ការថ្លែងរបស់លោក គឺ មានន័យថា «ដើម្បីបោកប្រាស់ក្រុមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
