សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។ ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានឱ្យអាទិភាពទៅលើមនុស្ស មុនគេ”។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តថា ជំងឺមហារីកគឺជាបន្ទុកដ៏ធំសម្រាប់ បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុមគ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺ មួយនេះអាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ចសង្គមជាតិថែមទៀតផង។ ដូច្នេះហើយផែនការយុទ្ធសាស្ត្រជាតិ រួមជាមួយការអនុវត្តច្បាស់លាស់គ្រប់ជ្រុងជ្រោយនឹងជួយឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលអាចសម្រេចបាន នូវការគ្រប់គ្រងជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជានឹងលើកកំពស់ការបង្ការបឋម នៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានាដើម្បីកាត់បន្ថយកត្តាប្រឈមនៃជំងឺ មហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តថា “ផែនការប្រយុទ្ធនឹងជំងឺមហារីកនឹងទាមទារតម្រូវការឱ្យមាន៖-ការពង្រឹងលើការបង្ការ ដែលអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវចូលរួមចំណែកក្នុងការបង្ការបឋមដោយចងក្រង ឯកសារស្តីពីផលប៉ះពាល់ នៃកត្តាខាងក្រៅលើសុខភាព និងជាពិសេសការប្រឈម នឹងហានិភ័យនៃជំងឺមហារីក ដោយជូនព័ត៌មានដល់ប្រជាពលរដ្ឋគួរយល់អំពីប្រធានបទនេះ និងបំភ្លឺតួអង្គផ្សេងទៀតក្នុងសង្គម ដែលត្រូវការព័ត៌មានអំពីការអនុវត្ត ឬអាកប្បកិរិយាដែលបងប្អូនមិនទាន់យល់ដឹងថា អាចបង្ក គ្រោះថ្នាក់ដល់សុខភាព ឧទាហរណ៍ ដូចជា របបអាហារ ឬការនៅស្ងៀមមិនសូវធ្វើលំហាត់ប្រាណជាដើម”៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ










