អ៊ីស្រាអែលសន្យាសងសឹក ក្រោយពួកហ៊ូទីវាយលុកព្រលានយន្តហោះខ្លួន
ហ៊្សេរុយសាឡឹម ៖ មេដឹកនាំអ៊ីស្រាអែល នៅថ្ងៃអាទិត្យ បានប្តេជ្ញាសងសឹកកងកម្លាំងក្រុមហ៊ូទីនៅយេម៉ែន និងសម្ព័ន្ធមិត្តរបស់ពួកគេ គឺអ៊ីរ៉ង់ បន្ទាប់ពីក្រុមឱទ្ទាមនេះបាញ់ស្រោចមីស៊ីលវាយប្រហារព្រលានយន្តហោះអន្តរជាតិរបស់អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូទី ប្រឆាំងព្រលានយន្តហោះអ៊ីស្រាអែល ផុសចេញពីទឹកដីប្រទេសអ៊ីរ៉ង់។

លោក Netanyahu បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលប្តេជ្ញាសងសឹកចំពោះការវាយប្រហាររបស់ពួកហ៊ូទីចុងក្រោយនេះ ហើយយើងនឹងពិចារណាពីពេលវេលា និងជ្រើសរើសទីតាំងមេភេរវករអ៊ីរ៉ង់របស់ពួកគេ។
ទន្ទឹមគ្នានេះ ក្រុមហ៊ូទីក៏បាន អះអាង ទទួលខុសត្រូវ ចំពោះ ការ វាយប្រហារ ដោយ មីស៊ីល ដែល បាន វាយប្រហារ ផ្លូវ ឆ្ពោះទៅ ស្ថានីយ សំខាន់ នៃ ព្រលានយន្តហោះ Ben Gurion នៅខាងក្រៅ ទីក្រុង Tel Aviv។
ប្រព័ន្ធការពារដែនអាកាស ដែលដាក់ពង្រាយដោយអ៊ីស្រាអែល និងអាមេរិក បានព្យាយាមស្ទាក់ចាប់មីស៊ីលនេះ ប៉ុន្តែមិនបានសម្រេច ហើយជាលទ្ធផលនោះ បណ្តាលឱ្យមានមនុស្ស របួស ស្រាល ៤ នាក់។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានលុបចោលជើងហោះហើរទៅមកប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូទី៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
