អ៊ីរ៉ង់បាញ់សម្ញែងមីស៊ីលផ្លោងថ្មីហោះចម្ងាយ ១.២០០គីឡូម៉ែត្រ
តេហេរ៉ង់ ៖ អ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលផ្លោងឥន្ធនៈរឹងថ្មីមួយ ដែលមានសមត្ថភាពវាយលុកទីតាំងសត្រូវក្នុងចម្ងាយ ១.២០០គីឡូម៉ែត្រ នេះបើតាមទូរទស្សន៍រដ្ឋរាយការណ៍កាលពីថ្ងៃអាទិត្យ។
មីស៊ីលផ្លោងថ្មីនេះ មានឈ្មោះថា Ghassem Basir គឺជាសមិទ្ធិផលការពារជាតិចុងក្រោយបង្អស់ ដែលអ៊ីរ៉ង់ទើបតែអភិវឌ្ឍន៍ដោយជោគជ័យ។
ថ្លែងក្នុងកំលុងការបាញ់សាកល្បងមីស៊ីលនេះ រដ្ឋមន្ត្រី ការពារជាតិ អ៊ីរ៉ង់ លោក Aziz Nasirzadeh និយាយថា បើសិនយើងរងការប្រហារ ហើយសង្រ្គាមផ្ទុះឡើង នោះយើងនឹងឆ្លើយតបដោយកម្លាំងយោធា ដោយកំណត់គោលដៅបំផ្លាញផលប្រយោជន៍ និងមូលដ្ឋានរបស់សត្រូវ។
ប្រមុខការពារជាតិអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា យើងគ្មានគំនុំចំពោះរដ្ឋជិតខាងនោះទេ ប៉ុន្តែមូលដ្ឋានអាមេរិក គឺជាគោលដៅរបស់យើង។
ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីអាមេរិកបានដកខ្លួននៅឆ្នាំ ២០១៨ ចេញពីកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយមហាអំណាចពិភពលោក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
