អាជ្ញាធរជាតិអប្សរាកំពុងរៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន

ភ្នំពេញ៖ក្រុមការងារ នៃនាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យានៃ​អាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះបញ្ជីថ្មនៅ ជុំវិញប្រាសាទបាយ័ន​ដើម្បី​ទុកដាក់ឱ្យបានថ្មល្អប្រសើរ។សកម្មភាពនេះដើម្បីភាពងាយស្រួល​ក្នុង​ការដឹងពីប្រភេទថ្ម។

ប្រភពអាជ្ញាធរជាតិអប្សរាបានស្រង់សម្ដី លោក ធឿន សុខុន មន្រ្តីបច្ចេកទេសនៃ​នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ​វិទ្យា​មកបញ្ជាក់ថា ក្រុមការងារបានអនុវត្ត​កិច្ចការនេះមានរយៈពេល៥ខែមកហើយ ដោយកំណត់យកតួ​អក្សរ​សម្រាប់​តាង។ សិលាទាំងនេះ មានខ្លះជាបំណែកព្រះពុទ្ធរូប ព្រះកេស ផ្តែរ និងចម្លាក់ផ្សេងៗ។

ចំណែកបុរាណវិទូ លោក ផុន តារា បានឱ្យដឹងថា ថ្មដែលកំពុងរៀបចំទុកដាក់​ឱ្យបានល្អនេះ នឹងត្រូវយកទៅរក្សាទុកនៅ​បរិវេណប្រាសាទបាភួន។ ចំណែក​បំណែកថ្មខ្លះដូចជាកំពូល ឬព្រហ្មមុខបួនជាដើម អ្នកជំនាញនឹងរៀបចំផ្គុំទៅតាម​ទីតាំងដើមវិញ ប្រសិនជាអាចរកឃើញ។ លោកសង្ឃឹមថា ការរៀបចំនេះនឹងធ្វើឱ្យ​ថ្ម មានសណ្ដាប់រៀបរយល្អ ងាយស្រួល​ក្នុងការយកមកប្រើប្រាស់ ឬជួសជុល​ប្រាសាទឡើងវិញ ក៏ដូចជាលើកតម្លៃប្រាសាទនាពេលអនាគត។

សូមជម្រាបថា ប្រាសាទបាយ័ន ស្ថិតនៅខេត្តសៀមរាប មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា។ប្រាសាទបាយ័ន មាន​ប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រហ្មមុខ៤។

ប្រាសាទនេះ ស្ថិតនៅចំផ្ចិតក្នុងអង្គរធំតែម្ដង។ដើម្បីឱ្យរាជធានីរបស់ព្រះអង្គរឹងមាំ ព្រះបាទជ័យវរ្ម័នទី៧ បានសាង​សង់កំពែង ៤ជ្រុងព័ទ្ធជុំវិញ។ កំពែងនេះ គឺជា​របងដ៏រឹងមាំ សម្រាប់ការពារខ្មាំងសត្រូវ។ នៅអមកំពែង មានកសិន្ធុព័ទ្ធជុំវិញ។ កំពែងនេះ មានប្រវែង៣គីឡូម៉ែត្រ៤ ជ្រុង៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner