លោក ពូទីន និង វេណេស៊ុយអេឡា ស៊ីញ៉េកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង ១០ឆ្នាំ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូទូលំទូលាយមួយ ដែលមានរយៈពេលដល់ទៅ ១០ឆ្នាំ។

ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov និយាយថា កិច្ចព្រមព្រៀងនេះ គ្របដណ្តប់កិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និង ភាពជ្រុលនិយម រួមទាំងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ការដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។

យ៉ាងណាមិញ វិមានក្រឹមឡាំងមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះទេ ដោយគ្រាន់តែនិយាយថា វាមានទម្ងន់ និងប្រកបដោយអត្ថន័យ។

ក្រៅពីវេណេស៊ុយអេឡា រុស្ស៊ីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូស្រដៀងគ្នាជាមួយអ៊ីរ៉ង់ ចិន និងកូរ៉េខាងជើងផងដែរ ខណៈទីក្រុងមូស្គូស្វែងរកការកសាងសម្ព័ន្ធមិត្តជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីប្រជែងនឹងអ្វីដែលខ្លួនហៅថា ជា “អនុត្តរភាព” លោកខាងលិចជាសកល។

លោកប្រធានាធិបតី Maduro ស្ថិតក្នុងចំណោមមេដឹកនាំបរទេសមួយចំនួនទៀត ដែលធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីចូលរួមទស្សនាក្បួនដង្ហែរនៃទិវាជ័យជំនះរបស់ប្រទេសរុស្ស៊ីនៅថ្ងៃទី៩ ខែឧសភា ដែលជាការប្រារព្ធខួបលើកទី៨០ នៃការកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner