សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងអធិការកិច្ចបញ្ជាក់អំពីការបន្តអនុវត្តអភិក្រមទាំងប្រាំ

ភ្នំពេញ៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានបញ្ជាក់ថា រាជរដ្ឋា​ភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមកា​រដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាន​ដាក់ចេញនូវ​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ​ធានា “ប្រសិទ្ធភាព​សមិទ្ធ​កម្ម” ដែលបានកំណត់សូចនាករ និងក្របខ័ណ្ឌច្បាស់​លាស់តាមរយៈការបន្តអនុវត្តអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់“ និងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

មានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច​កាលពីព្រឹកថ្ងៃ​ទី៨ ខែឧសភា នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ឯកឧត្តម សុខ សូកេន ក៏នៅ​បានគូសរំលេចសមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ចដែលកើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែង​ជាបន្តបន្ទាប់ របស់អតីតថ្នាក់ដឹកនាំគ្រប់ជំនាន់ ជា​ពិសេសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែល​បានផ្តួចផ្តើម​ត្រួសត្រាយផ្លូវ និងជំរុញការអភិវឌ្ឍ​វិស័យ​អធិការកិច្ច ដោយបន្សល់ទុកនូវសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាជាច្រើនដល់លោក​ជា​អ្នកបន្តវេន។ ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះលោកជំទាវ សោម គឹមសួគ៌ និងឯកឧត្តម ហួត ហាក់ ក៏បានចូលរួមដឹកនាំ​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងអធិការកិច្ចប្រកបដោយលទ្ធផលជាផ្លែផ្កា​ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងអធិការកិច្ច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចដែលបានដាក់​ចេញនៅ​ក្នុងផែន​ការ​យុទ្ធសាស្រ្ត ប្រកបដោយស្មារតីម្ចាស់ការ ការទទួលខុសត្រូវខ្ពស់ ភាពបុរេ​សកម្ម និងអន្តរសកម្ម ក្នុងការអនុវត្តមុខងារ​ភារកិច្ចប្រកបដោយប្រសិទ្ធភាព​និងភាពជោគជ័យនាពេលកន្លងមក ដែលធ្វើឱ្យក្រសួងសម្រេចបាន​លទ្ធផល​គួរជាទី​មោទនៈ។

ទន្ទឹមនឹងសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងវិស័យអធិការកិច្ច ក៏នៅ​មានបញ្ហាប្រឈមមួយចំនួន ដែលទាមទារ​ឱ្យមានដំណោះស្រាយ​ជាយុទ្ធសាស្រ្ត​ប្រកបដោយភាពប្រទាក់ក្រឡា និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។ឯកឧត្តម​រដ្ឋមន្រ្តីបញ្ជាក់ថា ​ដំណោះស្រាយទាំងនេះត្រូវបានគិតគូរ​គ្រប់ជ្រុង​ជ្រោយ តាមរយៈការកំណត់គោលដៅយុទ្ធសាស្រ្ត វិធានការគន្លឹះ និងសកម្មភាព​អាទិភាព ជាមួយនឹងសូចនាករដែលអាចវាស់វែងបាន។

សូមជម្រាបថា សន្និបាតក្រសួងអធិការកិច្ច ដែលមានរយៈពេលមួយថ្ងៃកន្លះនេះ មានគោលបំណង ដើម្បីបូកសរុប​លទ្ធផលការងារឆ្នាំ២០២៤, ពិភាក្សានិងផ្លាស់​ប្តូរមតិយោបល់លើបទពិសោធន៍ការងារពាក់ព័ន្ធវិស័យអធិការកិច្ច, ការកំណត់​វិភាគ និងវាយតម្លៃលើបញ្ហាប្រឈមនានា ព្រមទាំងបានគិតគូរលើដំណោះ​ស្រាយ​ជាយុទ្ធសាស្រ្ត ៕

ដោយ៖ ហេង សម្បត្តិ, ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner