មន្ត្រីអាមេរិកថា អង់គ្លេសនឹងចាយ១០ពាន់លានដុល្លារទិញBoeing

បរទេស ៖ ចក្រភពអង់គ្លេស នឹងបង្ហាញពីការបញ្ជាទិញយន្តហោះ Boeing ថ្មីៗ តម្លៃសរុប ១០ពាន់លានដុល្លារ នេះបើតាមមន្ត្រីអាមេរិកបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយ នៅចំពោះមុខ លោកប្រធានាធិបតីអាមេរិក នាសេតវិមានថា «ចក្រភពអង់គ្លេស នឹងប្រកាស ក្នុងពេលឆាប់ៗនេះ នូវការបញ្ជាទិញថ្មី ចំនួន១០ពាន់លានដុល្លារ សម្រាប់យន្តហោះ Boeing»។

លោកបានបន្ថែម ដោយទឹកមុខញញឹមថា «ប៉ុន្តែ ខ្ញុំនឹងឱ្យឈ្មោះក្រុមហ៊ុនអាកាសចរណ៍ ប្រកាសពីដំណឹងនេះ ព្រោះ ជាការបញ្ជាទិញ របស់ពួកគេ»។

ក្រុមហ៊ុន Boeing បានបដិសេធ មិនធ្វើការអត្ថាធិប្បាយ ហើយ មន្ត្រីរដ្ឋបាល Trump មិនបញ្ចេញព័ត៌មានលម្អិតបន្ថែម អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម នោះទេ។ តែ កិច្ចព្រមព្រៀង អាចនឹងកាត់បន្ថយពន្ធ លើរថយន្ត និងដែកថែប របស់អង់គ្លេស ខណៈពេលដែលអាមេរិក រក្សាការយកពន្ធ មូលដ្ឋាន១០ភាគរយ លើទំនិញអង់គ្លេស។ ដើម្បីចចាររឿងពន្ធនេះ ចក្រភពអង់គ្លេស ក៏នឹងបើកទីផ្សារដល់សាច់គោនិងផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិក បើទោះបីជាមានការព្រួយបារម្ភពីអតិថិជន ចំពោះគុណភាពរបស់វាក៏ដោយ។

ខណៈដែលលោក Trump បានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងដៃគូ ក្រុមហ៊ុន Boeing ត្រូវបានរងផលប៉ះពាល់ ដោយផ្ទាល់។ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Boeing បាននិយាយ កាលពីខែមុនថា ក្រុមហ៊ុនអាកាសចរណ៍ចិន បានឈប់ទទួលយកយន្តហោះថ្មី ពីក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner