អាជ្ញាធរជាតិព្រះវិហារ បន្តដកហូតដើមឈើមានហានិភ័យដល់ប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ
(ភ្នំពេញ)៖ ប្រាសាទជាច្រើននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ សម្បូរដោយដើមឈើដុះចម្រុះប្រភេទ ក្នុងនោះដើមឈើខ្លះមានស្ថានភាពមិនល្អដូចជា ដើមទ្រេត ពុកគល់ ប្រហោងដើម ឬងាប់មែកធំៗជាដើម។
ក្នុងចំណោមដើមឈើទាំងអស់នេះមានដើមឈើមួយចំនួនថែមទាំងអាច បង្កហានិភ័យដល់រចនាសម័ន្ធប្រាសាទ តាមរយៈការដុះចាក់ឫសចូលក្នុងសំណង់ប្រាសាទ និងដួលរលំលើសំណង់ប្រាសាទ។ អាជ្ញាធរជាតិព្រះវិហារបានសិក្សាពីស្ថានភាពដើមឈើទាំងនេះ និងវាយតម្លៃពីកម្រិតហានិភ័យរបស់វាដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទទាំងមូល និងរៀបចំផែនការដកហូតជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់គ្រោះហានិភ័យដល់ប្រាសាទដោយប្រកាណាមួយ។
ក្រសួងវប្បធម៌បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិព្រះវិហារបានដកហូតដើមឈើដែលអាចបង្កគ្រោះថ្នាក់ដល់ប្រាសាទចំនួន ៧ដើមដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ហើយមួយចំនួនទៀតនឹងត្រូវដកហូតនៅខែបន្តបន្ទាប់។
គួរបញ្ជាក់ថាប្រាសាទកោះកេរ មានទីតាំងដាច់ស្រយាល ស្ថិតនៅភាគខាងជើង ខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេក និងមានប្រជាជនរស់នៅតិចតួច។
តំបន់អភិរក្ស ប្រាសាទកោះកេរ បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា ដោយបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក លើកទី៤៥ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕
ដោយ ៖ ម៉ាដេប៉ូ








