ទ័ពឥណ្ឌាល្បាតក្រុងបន្ទាប់ពីការផ្ទុះអាវុធជាថ្មី ​

បរទេស ៖ នៅថ្ងៃសៅរ៍នេះ កងកម្លាំងនៃប្រទេសឥណ្ឌា បានដើរល្បាត នៅក្នុងទីក្រុង Srinagar បន្ទាប់ពីការផ្ទុះអាវុធថ្មីៗ ត្រូវបានរាយការណ៍ថា កើតមាន នៅតំបន់ Kashmir ផ្នែកខាងការគ្រប់គ្រង របស់ឥណ្ឌា។

កងទ័ពបានរាយការណ៍ អំពីការវាយប្រហារថ្មីៗ របស់ប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែន។ បើតាមអ្នកកាសែត AFP បានឲ្យដឹងថា ការផ្ទុះយ៉ាងខ្លាំងត្រូវបានឮ នៅក្នុងទីក្រុង ខណៈដែលជម្លោះ រវាងប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ទាំងពីរ បានផ្ទុះឡើង តាំងពីចុងខែមេសា។

កងទ័ពបាននិយាយ នៅលើបណ្តាញទំនាក់ទំនងសង្គម X ថា «យន្តហោះគ្មានមនុស្សបើករបស់សត្រូវជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញ ហោះហើរពីលើបន្ទាយយោធា នៅតំបន់ Amritsar ស្ថិតក្នុងរដ្ឋ Punjab ដែលជារដ្ឋជាប់នឹងតំបន់ Kashmir ហើយត្រូវបានបាញ់បំផ្លាញ ដោយអង្គភាពការពារដែនអាកាស របស់យើង»។

គួររម្លឹកថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះឡើងវិញ ក្រោយការវាយប្រហារស្លាប់មនុស្ស ២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា នៅតំបន់ចម្រូងចម្រាស់កាស្មៀរ ហើយឥណ្ឌាបានចោទប្រកាន់ថា ជាស្នាដៃរបស់ភេរវករ គាំទ្រដោយប្រទេសប៉ាគីស្ថាន។ កាលពីថ្ងៃពុធ ឥណ្ឌាបានវាយប្រហារតាមអាកាសទៅលើប៉ាគីស្ថាន បណ្តាលឲ្យស្លាប់និងរបួសមនុស្សមួយចំនួនវិញ ដើម្បីទុកជាការសងសឹក៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner