មោទនភាព! ទឹកពិសាខ្មែរមួយទទួលបានវិញ្ញាបនបត្រផលិតផលគុណភាពខ្ពស់ពីស្ថាប័នអន្តរជាតិ NSF អាមេរិក និងអឺរ៉ុប

 ភ្នំពេញ៖ ជាទំព័រប្រវត្តិសាស្ត្រថ្មីក្នុងឧស្សាហកម្មផលិតទឹកពិសា វីតាល់ជាផលិតផលដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលគុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារ ពីស្ថាប័ន NSF នៃសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ “ការទទួលបានវិញ្ញាបនបត្រ NSF មិនមែនជាសមិទ្ធផលផ្នែកបច្ចេកទេស សំដៅលើគុណភាពផលិតផលតែប៉ុណ្ណោះទេ តែជាការទទួលស្គាល់ជាសកលចំពោះការប្តេជ្ញាចិត្តដ៏ក្លៀវក្លារបស់វីតាល់ ចំពោះសុវត្ថិភាព និងគុណភាព”។

វីតាល់ទទួលស្គាល់លើគុណភាព បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត វិនិច្ឆ័យលើប៉ារ៉ាម៉ែត្រជាង ១០០ចំណុច រួមមាន រូបសាស្ត្រ, គីមីសាស្រ្ត, មីក្រូជីវសាស្ត្រ, សារធាតុវិទ្យុសកម្ម, និងប្រព័ន្ធការពារសុវត្ថិភាពអាហារ ដែលបានធ្វើឡើងផ្ទាល់ដោយមន្ទីរពិសោធន៍នៅអាម៉េរិក និងសហភាពអឺរ៉ុប។ ការពិសោធន៍ទាំងនេះអនុលោមទៅតាមបទដ្ឋានស្ដង់ដាគុណភាព និងសុវត្ថិភាពពិភពលោកដោយកំណត់ឡើងផ្ទាល់ដោយ USFDA សហរដ្ឋអាម៉េរិក និងបទប្បញ្ញត្តិចំណីអាហារសហភាពអឺរ៉ុប។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), បានសម្តែងនូវអំណរសាទរ និងមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលថ្មីដ៏មហស្ចារ្យក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មផលិតទឹកពិសានៅកម្ពុជា ដោយមានប្រសាសន៍ថា៖ “សក្ខីភាពមួយនេះ មិនមែនកើតឡើងដោយចៃដន្យ និងសាមញ្ញនោះទេ អ្វីៗកើតចេញពីការប្រឹងប្រែង ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ប្រតិបត្តិករវីតាល់គ្រប់រូប។

សមិទ្ធផលនេះបានបង្ហាញពីមោទនភាពផលិតផលជាតិ បង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលអាចឈរឈ្មោះឆ្ពោះទៅកាន់ស្ដង់ដាពិភពលោកក្នុងន័យគុណភាព និងសុវត្ថិភាព។”លោកជំទាវបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងនាមជាផលិតផលជាតិ ដែលបង្កើតឡើងដោយប្រជាជនខ្មែរ និងមានវត្តមានក្នុងទីផ្សារកម្ពុជាអស់រយៈពេល ១៥ ឆ្នាំ  វីតាល់តែងតែប្រកាន់ខ្ជាប់នូវបេសកកម្មក្នុងការផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម។

ក្នុងឱកាសដ៏មហាឡារិកនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់វីតាល់ ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មីឈានមុខគេទទួលស្គាល់ពីស្ថាប័នអន្តរជាតិ NSF ដោយមានប្រសាសន៍ថា៖ “វិញ្ញាបនបត្រនេះបញ្ជាក់ថា វីតាល់ មិនត្រឹមតែបំពេញតាមស្ដង់ដាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញតាមតម្រូវការសុខាភិបាលសាធារណៈរបស់ប្រទេសកម្ពុជាផងដែរ ក្នុងការផ្ដល់ជូនទឹកពិសាដែលមានគុណភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់របស់ជាតិខ្លួន។

ឯកឧត្តមវេជ្ជបណ្ឌិត បានផ្ដល់ជាអនុសាសន៍ណែនាំ និងគាំទ្រដល់វិស័យឯកជនឱ្យយកចិត្តទុកដាក់អនុវត្ត និងពង្រឹងនូវស្តង់ដាសុវត្ថិភាព និងអនាម័យខ្ពស់ តាមរយៈការបង្កើតបទបញ្ជា ការត្រួតពិនិត្យជាប្រចាំ និងការផ្ដល់ជំនួយបច្ចេកទេស ដើម្បីឱ្យសមស្របតាមស្តង់ដាអន្ដរជាតិ។ ស្ថាប័នអន្តរជាតិ NSF គឺជាស្ថាប័នឯករាជ្យនិងទទួលស្គាល់ជាសកលផ្តោតសំខាន់លើស្តង់ដាសុខភាពសាធារណៈនិងការទទួលស្គាល់គុណភាពខ្ពស់ដើម្បីជួយពង្រឹងគុណភាពម្ហូបអាហារ ទឹកពិសា ផលិតផលទទួលទានផ្សេងៗ និងបរិស្ថាននានា៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner