វៀតណាមដំណើរការទិដ្ឋាការមាសរយៈពេល ១០ ឆ្នាំ ដើម្បីស្រូបទាញអ្នកទេសចរ

ហាណូយ ៖ វៀតណាមបានដាក់ចេញកម្មវិធីទិដ្ឋាការមាសរយៈពេល ១០ឆ្នាំ ក្នុងគោលបំណងព្យាយាមជំរុញធ្វើឱ្យប្រទេសខ្លួន ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងការវិនិយោគ ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើតាមសេចក្តីរាយការណ៍របស់ The Nation។

ផ្អែកតាមរបាយការណ៍របស់សារព័ត៌មាន Times of India ទិដ្ឋាការមាសផ្តល់ការស្នាក់នៅរយៈពេលវែងនេះ អាចបន្តបានសម្រាប់បុគ្គលដែលរួមចំណែកជំរុញដល់វិស័យទេសចរណ៍ ការច្នៃប្រឌិត ឬសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ហើយផែនការនេះ មានគោលដៅស្រូបទាញភ្ញៀវទេសចររយៈពេលវែង វិនិយោគិន និងអ្នកជំនាញបរទេស។

ទន្ទឹមគ្នា វៀតណាមសង្ឃឹមថា គំនិតផ្តួចផ្តើមនេះ នឹងជំរុញទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ជាពិសេសជាមួយជនជាតិឥណ្ឌា។ វៀតណាមក៏បានសម្រួលនីតិវិធីទិដ្ឋាការរបស់ខ្លួនសម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរអាជីវកម្មរយៈពេលខ្លីផងដែរ ដោយដាក់ឱ្យដំណើរការមានលក្ខណៈឌីជីថលបន្ថែមទៀត និងលុបបំបាត់តម្រូវការសម្រាប់ដំណើរទស្សនកិច្ចស្ថានទូត។

លើសពីកាលានុវត្តភាពសេដ្ឋកិច្ច វៀតណាមកំពុងលើកកម្ពស់របៀបរស់នៅដែលរួមបញ្ចូលគ្នានូវភាពទាក់ទាញបែបប្រពៃណី ជាមួយនឹងបច្ចេកវិទ្យាទំនើប។ ភ្ញៀវទេសចរបរទេសជាង ៦,៦៧លាននាក់ បានទៅលេងកំសាន្តប្រទេសវៀតណាម ក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៣,៨ភាគរយ បើធៀបនឹងឆ្នាំមុន ដោយផ្អែកលើទិន្នន័យរបស់អាជ្ញាធរជាតិទេសចរណ៍វៀតណាម។ អាជ្ញាធរជាតិទេសចរណ៍វៀតណាមក៏កំណត់គោលដៅស្រូបទាញភ្ញៀវអន្តរជាតិពី ២២ទៅ២៣លាននាក់នៅឆ្នាំ២០២៥នេះ៕

ប្រភព ៖ The Nation ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner