ប៉ាគីស្ថានប្រើយន្តហោះចិនបាញ់ទម្លាក់យន្តហោះឥណ្ឌាពីរគ្រឿង ក្នុងនោះមួយគ្រឿងផលិតនៅបារាំង

អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានបានប្រើប្រាស់យន្តហោះចម្បាំងផលិតដោយប្រទេសចិន បាញ់ទម្លាក់យន្តហោះយោធាឥណ្ឌាយ៉ាងហោចណាស់ពីរគ្រឿង ក្នុងនោះមួយគ្រឿងផលិតដោយបារាំង កាលពីថ្ងៃពុធ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បង្ហាញពីអនុភាពយន្តហោះចម្បាំងដ៏ទំនើបរបស់ចិន នេះបើតាមមន្ត្រីអាមេរិកពីររូបប្រាប់កាសែតរ៉យទ័រ។

មន្ត្រីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ដោយមានទំនុកចិត្តខ្ពស់ ប៉ាគីស្ថានបានសម្រេចប្រើប្រាស់យន្តហោះចម្បាំង J-10 ផលិតដោយចិន បាញ់មីស៊ីលពីអាកាសទៅអាកាសប្រឆាំងនឹងយន្តហោះចម្បាំងឥណ្ឌា ដោយបានបាញ់ទម្លាក់យ៉ាងហោចណាស់ពីរគ្រឿង។

រីឯមន្ត្រីអាមេរិកម្នាក់ទៀតបានបញ្ជាក់ថា ក្នុងចំណោមយន្តហោះចម្បាំងឥណ្ឌាពីរគ្រឿង ដែលប៉ាគីស្ថានបាញ់ទម្លាក់ ក្នុងនោះមួយគ្រឿងគឺជាយន្តហោះចម្បាំង Rafale ផលិតដោយប្រទេសបារាំង។

បើតាមការអះអាងរបស់មន្ត្រីអាមេរិកទាំងពីររូបនេះ យន្តហោះចម្បាំង F-16 របស់ប្រទេសប៉ាគីស្ថាន ផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិក មិនត្រូវបានប្រើប្រាស់ក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌានោះទេ។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានប្រាប់រ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចិន J-10 ត្រូវបានប្រើបាញ់ទម្លាក់យន្តហោះបារាំង Rafale ចំនួន ៣គ្រឿង ដែលឥណ្ឌាទើបទិញបានក្តៅៗ។

សរុបមក ប៉ាគីស្ថានបានទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន ៥គ្រឿង នៅក្នុងការប្រយុទ្ធគ្នាតាមផ្លូវអាកាស។ យន្តហោះបារាំង Rafale និងយន្តហោះចិន J-10 ត្រូវបានគេចាត់ទុកថា ជាយន្តហោះចម្បាំងជំនាន់ ៤.៥ ពោលគឺជាយន្តហោះចម្បាំងឈរនៅគែមលំដាប់កំពូល។

យ៉ាងណា កងទ័ពអាកាសឥណ្ឌាមិនបានប្រកាសទទួលស្គាល់សេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ ជុំវិញការបាត់បង់យន្តហោះចម្បាំងណាមួយក្នុងជម្លោះជាមួយប៉ាគីស្ថានទេ ហើយបានបន្លាប់ស្ថានការណ៍ដោយនិយាយថា ខ្លួនបានទទួលជោគជ័យ នៅក្នុងការវាយកម្ទេចជំរុំពួក “ភេរវករ” នៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner