Trump ផ្តើមទស្សនកិច្ច នៅមជ្ឈិមបូព៌ា
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានចាកចេញ ទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត ជាអ្វីដែលលោកហៅថា «ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ» នៅតំបន់មជ្ឈិមបូព៌ា។
លោក ត្រាំ ក៏ត្រូវដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកាតា និងប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ហើយប្រហែលជា ទៅចូលរួមការពិភាក្សា នៅក្នុងប្រទេសទួកគី ស្តីពីសង្គ្រាម អ៊ុយក្រែន ផងដែរ។
សង្រ្គាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ក៏ពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចរបស់លោក Trump ដែរ ដោយ លោក បានអួតពីកិច្ចប្រឹងប្រែង របស់លោក ដើម្បីបញ្ចប់សង្រ្គាម Gaza នាប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ។
កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក៏ជាប្រធានបទសំខាន់ ដែរ។ លោក Trump បាននិយាយថា មានរឿងល្អ ជាច្រើនកំពុងកើតឡើង លើកិច្ចពិភាក្សា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ជុំវិញមហិច្ឆតានុយក្លេអ៊ែរ របស់អ៊ីរ៉ង់ តែ លោកបានបញ្ជា់ក់ថា អ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរ នោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
