រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖មន្ទីរបរិស្ថានទាំងអស់ត្រូវពង្រឹងការ​អនុវត្ត​ច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព​នៅតាមតំបន់​ការពារធម្មជាតិ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់​បន្ថយ​ការបំពុលតំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ បានណែនាំឱ្យលោក​ប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបាន​ម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធាន​មន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួនរួមមាន៖


១) ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យ

២) ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិ
និងទី៣) ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួន។
បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ ស្រាវជ្រាវ ធ្វើការឆ្លើយតប គោរពក្រមវិជ្ជាជីវៈ និងចាត់វិធានការ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖
១) ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ

២) ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាព​រដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងសហការជាមួយ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន

៣) គាំទ្រផ្តល់មធ្យបាយ និងសម្ភារជួយដល់ការអនុវត្តច្បាប់ ដូចជាផ្តល់ដ្រូនដល់គ្រប់មន្ទីរទាំងអស់ ដើម្បីជួយសម្រួលដល់ការល្បាតរបស់សមត្ថកិច្ច ផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណប ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ថែមទៀត
៤) ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចបានកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner