UNAIDS កោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោរបស់កម្ពុជា​ ក្នុង​ការឆ្លេីយតបទៅនឹងមេរោគអេដស៍​ និងជំងឺអេដស៍

(ភ្នំពេញ)៖ ក្នុងជមំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS បានកោតសរសើរចំពោះការរីកចម្រើន គួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោជាច្រើនរបស់កម្ពុជា ជាពិសេស ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ។

លោកជំទាវបានបន្តថា កម្ពុជាបានសម្រេចគោលដៅសកលចំនួន ២ ជាមួយលទ្ធផល​ ៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី ៩៥-៩៥-៩៥ (​ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ,​ ៩៥% នៃអ្នកបានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍,​ ៩៥% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍​ )​ របស់អង្គការសហប្រជាជាតិ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់។

លោកជំទាវ Winnie Byanyima បានគូសបញ្ជាក់ថា លទ្ធផលជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនត្រឹមតែបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់​ និង​ ជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺឆ្លងនានា។

បន្ថែមលើនេះ លោកជំទាវអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលជាប្រទេសមួយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តប្រកបដោយមហិច្ឆតាលើការងារប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។

លោកជំទាវបានបញ្ជាក់ជាថ្មីថា UNAIDS នឹងបន្តគាំទ្រកម្ពុជាបន្ថែមទៀត ដើម្បីឈានទៅសម្រេចផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ហើយអង្គការសហប្រជាជាតិនឹងបន្តភាពជាដៃគូជាមួយកម្ពុជា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាការឆ្លើយតប សម្តេចបវរធិបតី បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ UNAIDS ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា ។

សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាច្រើន​ ហេីយថ្មីៗនេះ កម្ពុជាទើបតែបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

សម្តេចបវរធិបតី បានលើកឡើងថា៖ កម្ពុជា បានយកចិត្តទុកដាក់លើការកាត់បន្ថយអត្រា ឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយគិតចាប់ពីឆ្នាំ១៩៩៦មក អត្រាឆ្លងមេរោគអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

សម្តេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតអាទិភាពខ្ពស់ លើការពង្រឹងវិស័យសុខាភិបាល ជាពិសេសការលេីកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល, កសាងហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេសការពង្រឹងសមត្ថភាព​មណ្ឌលសុខភាព​ ដេីម្បីពង្រីកសេវាសុខាភិបាល ឱ្យកាន់តែជិតប្រជាពលរដ្ឋ។ សម្តេច បានសង្កត់ធ្ងន់ថា «នៅពេលដែលយើង និយាយពីការកសាងមូលធនមនុស្ស យើងត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋ»។

ក្នុងជំនួបនោះដែរ សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយ UNAIDS ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេស ពង្រឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ សម្តេចបវរធិបតី បានលើកទឹកចិត្តដល់ UNAIDS ឱ្យបន្តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ កម្ពុជា ដើម្បីរួមគ្នាបន្តសម្រេចគោលដៅក្នុងការឆ្លេីយ​តប​ទៅនឹង​គោលដៅសកលទាំងបី​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ឆ្លើយតប​ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner