លោក Trump ជំរុញស៊ីរីស្តារមិត្តភាពនឹងអ៊ីស្រាអែល ជាថ្នូរការដកទណ្ឌកម្ម

រីយ៉ាដ ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានស្នើឲ្យមេដឹកនាំថ្មីស៊ីរី បង្កើតទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលឡើងវិញ ជាថ្នូរនឹងការដកទណ្ឌកម្មអាមេរិកចេញពីស៊ីរី។

លោក Trump ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អារ៉ាប៊ីសាអូឌីត បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេក្នុងរយៈពេល ២៥ឆ្នាំ ដែលបានជួបជាមួយមេដឹកនាំស៊ីរី លោក Ahmed al-Sharaa ដែលជាមេខ្លោងទ័ពព្រៃជ្រុលនិយម និងធ្លាប់ជាពួកសកម្មប្រយុទ្ធមានឈ្មោះក្នុងបញ្ជីចាប់ខ្លួនរបស់អាមេរិក និងបានដឹកនាំការផ្តួលរំលំអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុងខែធ្នូ។

បន្ទាប់ពីកិច្ចប្រជុំរយៈពេលកន្លះម៉ោង លោកប្រធានាធិបតី Trump បាននិយាយថា ការដាក់ទណ្ឌកម្មពីសម័យមេដឹកនាំស៊ីរី Assad កំពុងធ្វើឱ្យខាតបង់យ៉ាងធំធេងលើប្រទេសស៊ីរី។

លោក Trump បានប្រាប់ទៅកាន់មេដឹកនាំឈូងសមុទ្រអារ៉ាប់ថា វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការដកទណ្ឌកម្មចេញពីស៊ីរីវិញ ដូច្នេះវាជាឱកាសល្អសម្រាប់ស៊ីរី ហើយក៏ជាកិត្តិយសរបស់លោកផងដែរ ក្នុងការធ្វើរឿងនេះ។

ជាមួយគ្នានេះ ក្រសួងការបរទេស និងប្រជាជនស៊ីរី បាន សាទរ កិច្ចប្រជុំ នេះ ថា ជារឿងប្រវត្តិសាស្ត្រ។ ក្រសួងបាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីមធ្យោបាយឆ្ពោះទៅរកភាពជាដៃគូរវាងស៊ីរី-អាមេរិក, កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសសារៈសំខាន់នៃការដកទណ្ឌកម្ម និងគាំទ្រការកសាងស៊ីរីឡើងវិញ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner