អគ្គមេបញ្ជាការ៖ សមយុទ្ធនាគមាស គឺជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងប្រទេស និងកងទ័ពកម្ពុជា-ចិន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍បញ្ជាក់ថា សមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន នាគមាស-២០២៥ (DRAGON GOLD-2025) ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងប្រទេស និងកងទ័ពទាំងពីរកម្ពុជា-ចិន។ សមយុទ្ធនេះ ពិតជាផ្ដល់នូវសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរប្រទេស ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ញាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ ហើយមួយវិញទៀត សមយុទ្ធនេះ ក៏បានធ្វើឱ្យកងទ័ពយើងទាំងពីរ ពង្រឹងបាននូវទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការងាររួមគ្នាជាមួយជាតិសាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ-អន្តរជាតិ ក្នុងគោលបំណងចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុ»។ ការបញ្ជាក់នេះ នៅក្នុងពិធីបើកសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន នាគមាស-២០២៥ (DRAGON GOLD-2025) សម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ដែលស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា សមយុទ្ធនាគមាសប្រចាំឆ្នាំរវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ខណៈមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានជំនាញផ្សេងៗចូលរួមផងដែរ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យនោះ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសង្ឃឹមយ៉ាងមុតមាំថា សមយុទ្ធនាគមាសនេះ នឹងបន្តរីកចម្រើន និងពង្រីកដល់ទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត ដើម្បីផលប្រយោជន៍កងទ័ពនៃប្រទេសទាំងពីកម្ពុជា-ចិន ហើយគោលបំណងនៃសមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជមនូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួលកិច្ចសហការចម្រុះ និងបន្តនិរន្តរភាពក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ដ៏ល្អប្រសើរ និងលើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរ(កម្ពុជា-ចិន) ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម សង្គ្រោះគ្រោះមហន្តរាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះ នៃសមយុទ្ធនាគមាសនៅក្នុងវេទិកាតំបន់និងអន្តរជាតិជាដើម។

ចំណែកឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងអំណរអរគុណផងដែរដល់កងទ័ពរំដោះប្រជាជនចិន ដែលបានជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅវិទ្យាស្ថាននាយទាហានចម្រុះ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារអាកាស ប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ ទីបញ្ជាការមូលដ្ឋានសមុទ្ររាម អាវុធធន់ធ្ងន់ និងកសាងទីលានបាញ់គ្រាប់ពិតចម្រុះដ៏ទំនើបកម្រិតអន្តរជាតិ នៅភ្នំជុំសែនរីករាយជាដើមផងដែរ។

សូមជម្រាបថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមដំណើរការហ្វឹកហាត់សមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន នាគមាស-២០២៥(DRAGON GOLD-2025) ពីថ្ងៃទី១៤-២៨ ខែឧសភា ឆ្នាំ២០២៥នេះ។

ពិធីបើកសមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ ថ្នាក់ដឹកនាំតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។ ចំណែកឯពិធីបិទសមយុទ្ធលើសមុទ្រ ដែលជាផ្នែកមួយនៃសមយុទ្ធនាគមាស-ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម។

ចំពោះពិធីបិទសមយុទ្ធរួមគ្នានាគមាស ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ អធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីលានបាញ់គ្រាប់ពិត មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ សេនានុពន្ធ័ អនុពន្ធយោធាបរទេសប្រចាំនៅកម្ពុជា នាយទាហានជាន់ខ្ពស់កងទ័ពរំដោះប្រជាជនចិន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ ពាក់ពន្ធ័នឹងទីកន្លែងសមយុទ្ធលើគោក និងអាកាស គឺនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង រីឯសមយុទ្ធសមុទ្រ និងអាកាស គឺនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ៕
ដោយ៖ពលជ័យ

ads banner