លោក Trump ថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ឆាប់ៗនេះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ និងការបញ្ចប់សង្រ្គាមមានរយៈពេលជាងបីឆ្នាំ ខណៈការអះអាងនេះធ្វើឡើងបន្ទាប់ពីលោកបាននិយាយទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

យោងតាមកាសែតរ៉យទ័រ លោកប្រធានាធិបតី Trump បានបង្ហោះសារលើបណ្តាញសង្គមថា លោកបានបន្តបញ្ជូនផែនការសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏ដូចជាមេដឹកនាំអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ នៅក្នុងការសន្ទនាទូរស័ព្ទជាក្រុម បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោកប្រធានាធិបតី Putin។

មេដឹកនាំអាមេរិករូបនេះបានគូសបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀត គឺការបញ្ចប់សង្រ្គាម។ ក្រោយមកនៅឯសេតវិមាន លោក Trump បានបន្ថែមថា ខ្លួនលោកផ្ទាល់គិតថា វឌ្ឍនភាពខ្លះកំពុងត្រូវបានបង្កើតឡើងហើយ។

ដោយឡែកបន្ទាប់ពីបានជជែកជាមួយមេដឹកនាំអាមេរិក លោក Putin បាននិយាយថា កិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាម គឺស្ថិតនៅលើផ្លូវត្រឹមត្រូវ ហើយថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយអ៊ុយក្រែនលើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ។

មេដឹកនាំរុស្ស៊ីរូបនេះបានប្រាប់អ្នកសារព័ត៌មាននៅជិតរមណីយដ្ឋានសមុទ្រខ្មៅ Sochi ថា ពួកលោកបានយល់ព្រមជាមួយប្រធានាធិបតីអាមេរិកថា រុស្ស៊ីនឹងស្នើ ហើយត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែនលើអនុស្សរណៈស្តីពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត៕

ប្រភព ៖ BBC និង រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner