ចិនត្រៀមសម្ងែងយន្តហោះចម្បាំងដឹកដ្រូនច្រើនគ្រឿងបំផុតលើលោក

ប៉េកាំង ៖ ប្រទេសចិនមានផែនការដំណើរការយន្តហោះចម្បាំងដឹកយន្តហោះគ្មានមនុស្សបើកដំបូងបង្អស់របស់ពិភពលោក ដែលមានសមត្ថភាពបញ្ចេញយន្តហោះដ្រូនពិឃាត kamikaze បំពាក់បច្ចេកវិទ្យា AI ដើម្បីបំពេញបេសកកម្មក្នុងរយៈកម្ពស់ខ្ពស់ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT។

យន្តហោះចម្បាំង Jiu Tian ឬ Jetank UAV នេះ មានប្រវែង ១៦.៣៥ម៉ែត្រ និងស្លាប ២៥ម៉ែត្រ។ ទំងន់ពេលចុះចតចំនួន ១៦តោន ហើយអាចផ្ទុកទម្ងន់បាននៅលើយន្តហោះដល់ទៅ ៦.០០០គីឡូក្រាម។ យន្តហោះពិសេសនេះអាចហោះហើរបានក្នុងកម្ពស់ ១៥,០០០ម៉ែត្រ ជាមួយល្បឿន ៧០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះហើរក្នុងចម្ងាយប្រហែល ៧.០០០គីឡូម៉ែត្រ។

យន្តហោះចម្បាំងនេះត្រូវបានគេរាយការណ៍ថា មានសមត្ថភាពបញ្ចេញគ្រាប់រំសេវរហូតដល់ ១០០គ្រាប់ ឬយន្តហោះគ្មានមនុស្សបើកតូចៗ រួមទាំងដ្រូន UAVs kamikaze ពីច្រកបាញ់បង្ហោះចំនួនពីរដែលស្ថិតនៅផ្នែកម្ខាងនៃតួយន្តហោះ។

បន្ទាប់ពីយន្តហោះ Jetank UAV បញ្ចប់បេសកកម្មសាកល្បងដំបូងរបស់ខ្លួននៅចុងខែមិថុនា កងទ័ពរំដោះប្រជាជន (PLA) ត្រូវបានរំពឹងថា នឹងដាក់ពង្រាយវាជាយន្តហោះមេដឹកនាំដ្រូនពិឃាត ដើម្បីពង្រីកប្រតិបត្តិការយន្តហោះដ្រូនវាយប្រហារ និងបង្កើនសមត្ថភាពវាយលុក ពិសេសកិច្ចការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ ក៏ដូចជាសង្គ្រាមអេឡិចត្រូនិក។

ក្រៅពីកម្មវិធីយោធា យន្តហោះ Jiu Tian ក៏អាចប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនសង្គ្រោះបន្ទាន់ ការល្បាតតាមព្រំដែន បេសកកម្មស្វែងរក និងសង្គ្រោះ រួមទាំងការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិផងដែរ។ យន្តហោះចម្បាំងនេះត្រូវបានគេដាក់តាំងបង្ហាញជាលើកដំបូងនៅក្នុងពិព័រណ៍អាកាសចរណ៍ និងអវកាសអន្តរជាតិចិនលើកទី១៥ ឆ្នាំ២០២៤៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner