លោកខាងលិចបីប្រទេសប្រកៀកស្មាគ្នា ព្រមានចាត់ការលើអ៊ីស្រាអែល
បរទេស៖ ចក្រភពអង់គ្លេស បារាំង និងកាណាដា ដែលជាបណ្តាប្រទេសលោកខាងលិច បានប្រកៀកស្មាគ្នា ព្រមានអ៊ីស្រាអែលថា ពួកគេនឹងចាត់វិធានការជាក់ស្តែង ប្រសិនបើរដ្ឋាភិបាលក្រុង តែល អាវីហ្វ នៅតែបន្តការពង្រីក ប្រតិបត្តិការយោធា នៅក្នុងតំបន់ហ្គាហ្សា នេះបើតាមសេចក្តីថ្លែងការណ៍រួម របស់ប្រទេសទាំងបី ស្តីពីការគាំទ្រចំពោះបទឈប់បាញ់ និង ការអនុវត្ត ដំណោះស្រាយ រដ្ឋពីរ ចេញផ្សាយដោយ BBC នៅថ្ងៃអង្គារនេះ។
មេដឹកនាំទាំងបី បានរិះគន់ធ្ងន់ៗថា ការបដិសេធជំនួយមនុស្សធម៌សំខាន់ៗ ដល់ប្រជាជនស៊ីវិល គឺមិនអាចទទួលយកបាន និងហានិភ័យ ដែលបំពានច្បាប់មនុស្សធម៌អន្តរជាតិ ហើយចាត់ទុកថាជា ទង្វើមិនអាចអត់ឱនបាន។ ពួកគេបន្ថែមថា “ការផ្លាស់ទីលំនៅ ដោយបង្ខំជាអចិន្ត្រៃយ៍ គឺជាការរំលោភ លើច្បាប់មនុស្សធម៌អន្តរជាតិ” ។
មេដឹកនាំទាំងបី បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល “បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន” និង “អនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ ចូលទៅក្នុងតំបន់ហ្គាហ្សា” ដោយគេដឹងថា គ្មានអាហារ ប្រេងឥន្ធនៈ ឬ ថ្នាំពេទ្យ ត្រូវបានអនុញ្ញាតឱ្យចូល ទៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី២ ខែមីនា។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឆ្លើយតបវិញថា មេដឹកនាំទាំងបីបានផ្តល់ “រង្វាន់ដ៏ធំ” សម្រាប់ក្រុមហាម៉ាស់ នៅក្នុងសង្រ្គាម Gaza ។
ប៉ុន្តែ កាលពីថ្ងៃអាទិត្យ លោក Netanyahu បាននិយាយថា ប្រទេសរបស់លោកនឹងអនុញ្ញាតឱ្យ “បរិមាណអាហារមូលដ្ឋាន” ចូលទៅក្នុងទឹកដីហ្គាហ្សា បន្ទាប់ពីការបិទផ្លូវ អស់រយៈពេល ១១ សប្តាហ៍ ប៉ុន្តែ ខ្លួនមានផែនការ គ្រប់គ្រងតំបន់ Gaza ទាំងមូល។
ប្រធានផ្នែកជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា ចំនួននៃរថយន្តជំនួយអាចចូលបាន ប៉ុន្តែ នៅមានចំនួនតិចតួច មិនអាចផ្តល់ជូនជនស៊ីវិលគ្រប់គ្រាន់ ខណៈដែលអ៊ីស្រាអែល នៅតែបន្តការវាយលុកសង្ក្រុប។
ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៥,៣០០០ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលយុទ្ធនាការយោធា របស់អ៊ីស្រាអែល ប្រមាណ២០ខែ កន្លង មកនេះ៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត