ប្រទេសអឺរ៉ុបមួយយកលុយរុស្ស៊ី ១០០លានដុល្លារ ទិញគ្រាប់ឲ្យអ៊ុយក្រែន

បរទេស៖ ប្រទេស ហ្វាំងឡង់ ដែលស្ថិតនៅភាគខាងជើង នៃទ្វីបអឺរ៉ុប បានសម្រេចរឹបអូសលុយ របស់រុស្ស៊ី ជាង១០០លានដុល្លារ ដែលបានបង្កក ទៅប្រមូលទិញគ្រាប់រំសែវឲ្យទៅអ៊ុយក្រែន នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo។

ក្រសួងការពារជាតិ ហ្វាំងឡង់ បានឱ្យដឹងថា ប្រទេសនេះ នឹងផ្គត់ផ្គង់គ្រាប់រំសេវ ដល់អ៊ុយក្រែន គិតជាទឹកប្រាក់ ៩០លានអឺរ៉ូ ឬ ជាង១០១ លានដុល្លារ ហើយការចំណាយទាំងអស់ ត្រូវយកចេញពីទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលសហភាពអឺរ៉ុបបានបង្កក ក្រោយការចាប់ផ្តើមសង្រ្គាមឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។

រដ្ឋមន្ត្រីការពារជាតិ ហ្វាំងឡង់ លោក Antti Hakkanen បាននិយាយថា «យើងអាចចរចារ ផ្តល់មូលនិធិបន្ថែម លើការគាំទ្រ របស់ប្រទេសហ្វាំងឡង់ សម្រាប់អ៊ុយក្រែន ដោយផលិតគ្រាប់រំសែវ ទាំងនេះ ចេញពីឧស្សាហកម្មអាវុធរបស់ហ្វាំងឡង់ បញ្ជូនទៅកាន់អ៊ុយក្រែន នេះគឺជាការសម្រេច ដ៏ត្រឹមត្រូវមួយ»។

គួររម្លឹកថា កាលពីឆ្នាំមុន គណៈកម្មការអឺរ៉ុបបានសម្រេចថា ទ្រព្យសម្បត្តិរុស្ស៉ី ដែលត្រូវបានបង្កក អាចយកមកប្រើប្រាស់ ដើម្បីគាំទ្រដល់វិស័យយោធាអ៊ុយក្រែន តាមរយៈមូលនិធិគ្រប់គ្រងដោយសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប ប៉ាន់ស្មានថា ទ្រព្យសកម្មរបស់រុស្ស៉ី ដែលបានបង្កក មានតម្លៃប្រហែល ៣០០ពាន់លានដុល្លារ នៅក្នុងប្លុកទាំង២៧ប្រទេស ហើយ ភាគច្រើននៃទ្រព្យទាំងនេះ ជាទម្រង់នៃមូលបត្របំណុល របស់រដ្ឋាភិបាល ដែលធនាគារកណ្តាលរុស្ស៉ី រក្សាទុកជា ទុនបម្រុង។

វិមានក្រឹមឡាំង មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប៉ុន្តែ រុស្ស៊ីបាននិយាយ ម្តងហើយម្តងទៀតថា ការរឹបអូស ឬលក់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបង្កកនឹងខុសច្បាប់ ដោយបញ្ជាក់ថា រំលោភលើសិទ្ធិទ្រព្យសម្បត្តិ ដែលត្រូវបានកំណត់ថា ជាគំរូដ៏គ្រោះថ្នាក់ ហើយនឹងត្រូវប្រឈមមុខនឹងតុលាការ។

កញ្ចប់ថ្មីនេះ គឺនឹងត្រូវធ្វើ រួមជាមួយនឹងកម្មវិធីជំនួយជាតិ របស់ហ្វាំងឡង់ សម្រាប់អ៊ុយក្រែន ដែលមានចំនួន ៦៦០លានអឺរ៉ូ ឬ ជាង៧៤០លានដុល្លារអាមេរិក នេះបើតាមការចុះផ្សាយបន្ថែម របស់គេហទំព័រឧស្សាហកម្មអាវុធអឺរ៉ុប Defence Industry Europe។ យ៉ាងណាមិញ មិនមានព័ត៌មានលម្អិត បន្ថែម ទាក់ទងនឹងខ្លឹមសារ ក៏ដូចជា កាលវិភាគ នៃការផ្គត់ផ្គង់ ត្រូវបានលាតត្រដាង ឲ្យដឹងនៅឡើយទេ៕

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner