មន្ត្រីក្រសួងដែនដី និងអាជ្ញាធរខណ្ឌ ៧មករា ចុះអនុវត្តន៍សេចក្ដីជូនដំណឹងលើអគារសហកម្មសិទ្ធិ អតីតសណ្ឋាគារអង្គរមានជ័យ
(ភ្នំពេញ)៖ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) និងអាជ្ញាធរខណ្ឌ ៧មករា បានចុះអនុវត្តន៍សេចក្ដីជូនដំណឹង លើអគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ៧មករា បានឱ្យដឹងថា ព្រឹកនេះ កម្លាំងចម្រុះចុះធ្វើការព៏ទ្ធរបង ដើម្បីការពារសុវត្ថិភាពអ្នកដំណើរតាមដងផ្លូវ ព្រោះសំណង់អគារនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ ដែលប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្តល់សញ្ញាណជាមុន ។
លោកអភិបាលរងខណ្ឌ បានបន្តថា ការចុះមកព័ទ្ធរបងការពារសុវត្ថិភាពនេះ ធ្វើឡើងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជម្រាបជូនថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះ មានអាយុ ៧៥ឆ្នាំ ហើយ ។ អគារនេះ មានក្រឡាផ្ទៃបាតទំហំ សរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧ បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ស្មើនឹង ៩៤% បានទទួលយកដំណោះស្រាយក្រោម ការសម្របសម្រួលរបស់ក្រសួង ដ.ន.ស. ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ ។
យោងសេចក្ដីជូនដំណឹង ក្រសួងរៀបចំដែនដី បានបន្ថែមថា ផ្អែកតាមលទ្ធផល នៃការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាព និងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពីសោធន៍លើសម្ភារៈសំណង់អគារនេះរបស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា សំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនា សម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹង បង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។
ក្នុងន័យនេះ ផ្អែកតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ ទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារ អង្គរមានជ័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមធ្វើការណែនាំដូចខាងក្រោម៖
១. សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវ បញ្ឈប់ការរស់នៅនិងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ក្រុមការងារក្រសួង ដ.ន.ស. នឹងបន្តសម្របសម្រួល ដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលនៅសល់ចុងក្រោយ ចំនួន ៤គ្រួសារ។
២. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ ជាអាទិ៍ ហ៊ុព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
៣. ក្រសួង ដ.ន.ស. សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយ ចំនួន ៤គ្រួសារ ខាងលើ ៕







ដោយ ៖ វណ្ណលុក