សម្ដេចធិបតី អញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត ចំនួន ២៧៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សមិទ្ធផលនៃកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ បែងចែកជា២ ទី១ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹង និងទី២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់។
ឯកឧត្តម ហង់ជួន ណារ៉ុន បន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងរួមមាន៖ ១.ការកសាងអគារសិក្សាមហាវិទ្យាល័យគរុកោសល្យមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ទី២.ការសាងសង់បណ្ណាល័យ សម្តេចព្រះសង្ឃរាជ ជួន ណាត មួយខ្នងកម្ពស់៥ជាន់ ស្មើនឹង៣៧បន្ទប់ ក្រោមហិរញ្ញប្បទានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទី៣.ជួសជុលអគារបេតិកភណ្ឌ អគារសិក្សាការិយាល័យចំនួន១៦ ដែលរួមទាំងអគារសិក្សានៃវិទ្យាល័យអនុវត្ត និងបឋមសិក្សាអនុវត្តផងដែរ, ទី៤សាងសង់ខ្លោងទ្វារ របងព័ទ្ធជុំវិញប្រវែង៦៤២ម៉ែត្រ និងឌឿនព័ទ្ធជុំវិញទំហំ២៥០០ម៉ែត្រការ៉េ ដោយរក្សារចនាបទដើម និងដើមឈើទាំងអស់នៅលើខឿន, ទី៥.រៀបចំសួនច្បារ ទីលានកីឡារ ចំណយានជំនិះ អាហារដ្ឋាន ប្រព័ន្ធផ្លូវ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការរៀន និងការបង្រៀន ក្នុងបរិបទឌីជីថល និងទី៦. បំពាក់សម្ភារពិសោធន៍មុខវិជ្ជាវិទ្យាសាស្ត្រ នៅក្នុងបន្ទប់ពិសោធន៍ រៀបចំបន្ទប់កុំព្យូទ័រ ចំនួន៤បន្ទប់ និងកុំព្យូទ័រ១២០គ្រឿង បំពាក់ម៉ាស៊ីនមេ (Server) មួយឈុត សម្រាប់រក្សាទិន្នន័យរបស់វិទ្យាស្ថាន និងសម្រាប់ការគ្រប់គ្រងវិទ្យាស្ថានតាមបែបឌីជីថល។
ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់រួមមាន៖ ទី១.ការបណ្តុះបណ្តាលដំបូង, ទី២.ការបណ្តុះបណ្តាលបន្ត (ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ), ទី៣.ការបណ្តុះបណ្តាលកម្រិតក្រោយបរិញ្ញាបត្រ, ទី៤.ការលើកកម្ពស់សមត្ថភាពគ្រូឧទ្ទេស បុគ្គលិក និស្សិត និងគរុនិស្សិតលើការស្រាវជ្រាវអប់រំ និងនវានុវត្តន៍, ទី៥.ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គ្រូឧទ្ទេសលើផ្នែកអប់រំស្ទែម, ទី៦.ការអភិវឌ្ឍសមត្ថភាពផ្នែក ICT និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងការរៀន, ទី៧.ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈតាមមុខវិជ្ជា, ទី៨. ការអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តវិធីសាស្ត្របង្រៀនថ្មី, ទី៩.សកម្មភាពក្រៅម៉ោងសិក្សា, ទី១០.ការដឹកនាំ និងការរៀបចំក្លឹបសិក្សាគរុនិស្សិត, ទី១១.ការដឹកនាំ និងការរៀបចំតាំងពិពរណ៍ស្នាដៃនិស្សិត, ទី១២.ការលើកកម្ពស់ការដឹកនាំ ការគ្រប់គ្រង និងអភិបាលកិច្ចល្អ, ទី១៣.ការវាយតម្លៃគ្រូឧទ្ទេស និងទី១៤.ការលើកកម្ពស់សុខភាពសិក្សា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និង បុគ្គលិក នៃវិទ្យាស្ថានជាតិអប់រំ ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រកែទម្រង់ និងផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង សម្រាប់កែលម្អកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការសិក្សា, ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័នរបស់វិទ្យាស្ថាន- ជាតិអប់រំ សំដៅលើកកម្ពស់គុណតម្លៃរបស់និស្សិត, គរុនិស្សិត និង គរុសិស្ស ស្របតាម ស្ដង់ដាជាតិ, តំបន់ និងសកល ។
សម្តេចធិបតី បានថ្លែងបញ្ជាក់ថា បន្ទាប់ពីបានធ្វើការ កែលម្អ ជាបន្តបន្ទាប់, វិទ្យាស្ថានជាតិអប់រំ មានហេដ្ឋារចនាសម្ព័ន្ធ កាន់តែ សម្បូរបែប និងទំនើប, ព្រមទាំងអាចឆ្លើយតបកាន់តែប្រសើរ ទៅនឹងតម្រូវការនៃការសិក្សា និងការបណ្ដុះបណ្តាលក្នុងសតវត្សរ៍ទី២១ ។ ការធ្វើទំនើប កម្ម និងបរិវត្តកម្មឌីជីថលនេះ គឺជាសមិទ្ធផលដ៏លេចធ្លោបំផុតរបស់ វិទ្យាស្ថានជាតិអប់រំ ក្នុងរយៈពេល ១១៤ឆ្នាំ នៃប្រវត្តិសាស្ត្រវិទ្យាស្ថាន ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល បានសម្រេចប្រែក្លាយវិទ្យាស្ថានជាតិអប់រំ ទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញ លេញ ក្នុងឆ្នាំ២០២២ និងបានប្រគល់ពានសាលាគរុកោសល្យគំរូ ដល់ វិទ្យា ស្ថានជាតិអប់រំ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ។ ទន្ទឹមនេះ, គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ក៏បានអនុញ្ញាតឱ្យដំឡើងកម្រិត បណ្តុះបណ្តាល របស់វិទ្យាស្ថានជាតិអប់រំ ពីកម្រិតបរិញ្ញាបត្រ+១ ទៅកម្រិតបរិញ្ញាបត្រ+២, និង បានផ្ដល់ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ដល់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ដល់វិទ្យាស្ថានជាតិអប់រំ ដែលបាន បំពេញតាមលក្ខខណ្ឌតម្រូវ នៃស្តង់ដាជាតិ ៕







អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ