EUជួយចេញលុយឲ្យវិទ្យុអឺរ៉ុបសេរី ក្រោយអាមេរិកផ្អាកផ្តល់

បរទេស ៖ EU ឬ សហភាពអឺរ៉ុប បានប្រកាសផ្តល់លុយមូលនិធិ ជួយសង្គ្រោះវិទ្យុអឺរ៉ុបសេរី ក្រោយពេលដែល រដ្ឋបាល របស់លោកប្រធានាធិបតីអាមេរិក Donald Trump ផ្អាកផ្តល់ជំនួយ។

ប្រធានគោលនយោបាយការបរទេស របស់ប្លុក ដែលមាន២៧ប្រទេស មួយនេះ បាននិយាយថា EU នឹងផ្តល់ប្រាក់ចំនួន ៥.៥លានអឺរ៉ូ ឬ ៦.២លានដុល្លារអាមេរិក ដើម្បីជួយដល់វិទ្យុអាស៊ីសេរីអឺរ៉ុប ឬ វិទ្យុសេរីភាព បន្តការផ្សាយ បន្ទាប់ពីសហរដ្ឋអាមេរិក ផ្អាកការផ្តល់មូលនិធិ។

លោកស្រី Kaja Kallas បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប នៅទីក្រុង ប្រ៊ុចសែលថា «មូលនិធិនេះ នឹងគាំទ្រដល់ការងារសំខាន់ របស់វិទ្យុអឺរ៉ុបសេរី..ជាមូលនិធិសង្គ្រោះបន្ទាន់ រយៈពេលខ្លី រៀបចំឡើង ជាសំណាញ់សុវត្ថិភាព សម្រាប់សារព័ត៌មានឯករាជ្យ»។

លោក Trump បានផ្អាកការផ្តល់មូលនិធិ សម្រាប់វិទ្យុនេះ កាលពីខែមីនា រួមជាមួយនឹង វិទ្យុសម្លេងសហរដ្ឋអាមេរិក ឬ Voice of America ដែលជាផ្នែកមួយ នៃយុទ្ធនាការកាត់បន្ថយការចំណាយ របស់រដ្ឋាភិបាល។

វិទ្យុអឺរ៉ុបសេរី ដែលមានបុគ្គលិក ច្រើនជាង ១,៧០០នាក់ បានជំទាស់ តតាំងក្តី នៅក្នុងតុលាការ។ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ USA GM ដែលជាប្រភពធំ ផ្តល់មូលនិធិធំ សម្រាប់វិទ្យុទាំងនេះ បានឈ្នះដីកា ហាមឃាត់បណ្តោះអាសន្ន កាលពីសប្តាហ៍មុន ប៉ុន្តែ រហូតមកដល់ពេលនេះ USA GM មិនទាន់បានផ្ញើប្រាក់ ដែលវិទ្យុ ត្រូវការ នៅឡើយទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner