ប្រធាន ACU ៖ ផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ នឹងក្លាយជាផែនទីបង្ហាញផ្លូវ ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលច្បាប់បានប្រគល់ឱ្យ
(ភ្នំពេញ)៖ ផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ២០២៥-២០៣០ នឹងក្លាយជាផែនទីបង្ហាញផ្លូវ ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលច្បាប់បានប្រគល់ឱ្យ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ តាមក្រសួង ស្ថាប័ន វិស័យឯកជន សង្គមស៊ីវិល និងក្លិបអ្នកកាសែតកម្ពុជា ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានលេីកឡេីងថា រាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងអនុវត្តគោលនយោបាយ និងកម្មវិធីប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ដូចជា ការផ្តល់ធាតុចូលបន្ថែមលើផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) ដែលនឹងត្រូវអនុម័តដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នាពេលខាងមុខ សម្រាប់ឱ្យ អ.ប.ព. ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្ត តួនាទី ភារកិច្ច ដែលច្បាប់ បានប្រគល់ឱ្យ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដូចអាណត្តិមុនៗដែរ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ត្រូវបានបន្ស៊ី និងសម្របតាមកម្មវិធីគោលនយោបាយរដ្ឋ ដោយរួមមាននូវចំណាត់ការ និងសកម្មភាពការងារនានា ដែលចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលជារួមផង គាំទ្រដល់ការងារកំណែទម្រង់នានា ដោយស្ថាប័នសាធារណៈពាក់ព័ន្ធ គាំទ្រដល់វិស័យឯកជន និងសាធារណជនទូទៅ គាំទ្រដល់ការបំពេញកាតព្វកិច្ចកម្ពុជា មានចំពោះសហគមន៍អន្តរជាតិ ក្នុងវេទិកាអន្តររដ្ឋាភិបាលនានា ដូចជា វេទិកាអាស៊ានផេក (ASEAN-PAC), អ៊ុនកាក់ (UNCAC) និងAPG ជាដើម។ សកម្មភាពដែលបានរំលេចឡើង ក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ រួមមាន ការងារខ្លះដែលបន្តពីផែនការមុន ខ្លះមិនទាន់បានអនុវត្ត ខ្លះត្រូវបានកែសម្រួល និងខ្លះត្រូវបានកំណត់ថ្មីស្របតាមបរិបទជាក់ស្តែង និងការវិវត្តផ្លាស់ប្តូរថ្មី ។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញរបស់អ្នកជំនាញ ពីការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុក គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ផ្តោតសំខាន់លើកាតព្វកិច្ចរបស់កម្ពុជា ចំពោះអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងអំពើពុករលួយ (UNCAC) ជាដេីម ។
គួរបញ្ជាក់ថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ មានរំលេចនូវការងារ ៥ឆ្នាំទៅមុខ ដោយបន្តផ្តោតលើការដ្ឋានយុទ្ធសាស្ត្រ អប់រំ, បង្ការ ទប់ស្កាត់, អនុវត្តច្បាប់បង្ក្រាប, ក្របខណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ, កិច្ចសហការជាតិ អន្តរជាតិ និងការរឹបអូសផល នៃបទល្មើស និងពង្រឹងសមត្ថភាព និងសុចរិតភាពស្ថាប័នសាធារណៈ និងការត្រួតពិនិត្យ វាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្ត ជាមួយនឹងការពង្រឹងការអនុវត្តរបបរាយការណ៍ និងការផ្សព្វផ្សាយអំពីសមិទ្ធផល ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ឱ្យបានទូលំទូលាយ ។ ក្នុងយុទ្ធសាស្ត្រទាំងនេះ សកម្មភាពគន្លឹះៗ ចំនួន ១៥ នឹងត្រូវលេចឡើងសំដៅពង្រឹងប្រសិទ្ធភាពការងារ ពង្រីកវិសាលភាព នៃការអនុវត្តគាំទ្រដល់កិច្ចប្រឹងប្រែងកំណែទម្រង់រដ្ឋឱ្យបានកាន់តែមានផ្លែផ្កា បង្កើនកិច្ចសហប្រតិបត្តិការនិងការផ្តុំកម្លាំង ដើម្បីប្រយោជន៍សាធារណៈ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចកម្ពុជាមានក្នុងឆាកអន្តរជាតិ ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ គ្រី សម្បត្តិ