ម៉ាស៊ីនជួយសង្គ្រោះផ្លូវដង្ហើមទារក អំណោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ត្រូវបានផ្តល់ជូនមន្ទីរពេទ្យទាំងឡាយនៅខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង នាដើមសប្ដាហ៍នេះបាននាំយកម៉ាស៊ីនជួយសង្រ្គោះផ្លូវដង្ហើមទារក(Neoantal Ventilator)ទៅផ្តល់ជូន​មន្ទីរ​​ពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យ​បង្អែកក្រុង-ស្រុកនៃរដ្ឋបាលខេត្តបាត់ដំបង ។នេះជាអំណោយដ៏មានតម្លៃបំផុត​ក្នុងការ​ជួយសង្រ្គោះជីវិតមនុស្ស ពិសេសកុមារកម្ពុជា។

ពិធីប្រគល់សម្ភារសុខាភិបាល ម៉ាស៊ីនជួយសង្រ្គោះផ្លូវដង្ហើមទារក​ បានប្រព្រឹត្ត​ទៅនៅសាលប្រជុំមន្ទីរពេទ្យ​បង្អែកខេត្ត​បាត់ដំបង​ក្រោមវត្តមានឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់​ដំបង ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ទាក់ទងនឹងអំណោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ មានប្រសាសន៍ថា ម៉ាស៊ីនជួយសង្រ្គោះផ្លូវដង្ហើមទារក ដែល​ផ្ដល់ជូននាពេលនេះ​នឹង​ជួយសង្រ្គោះ​ទារក និងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ ព្រមទាំងជួយលើកកម្ពស់​សមត្ថភាព​ស្ថាប័ន​សុខា​ភិបាល នៅថ្នាក់​ក្រោមជាតិ ។នេះក៏ជាការរួមចំណែកក្នុងការ​អនុវត្តនូវវិធានគន្លឹះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងការលើកកម្ពស់គុណភាព​សេវាសុខាភិបាលដែល​ផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល​នៅមូលដ្ឋាន ជាពិសេសនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ​បង្អែក។

ទទួលបានអំណោយដ៏មានតម្លៃនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានថ្លែង​នូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​​មនុស្សធម៌របស់ម្ចាស់ជំនួយ​ដែល​បានផ្តល់នូវសម្ភារសុខាភិបាលជូនដល់មន្ទីរពេទ្យក្នុងខេត្តបាត់ដំបង ពិសេស ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបាន​ជួយជ្រោមជ្រែង និងគិតគូរ​ជានិច្ចដល់ការអភិវឌ្ឍលើកគ្រប់វិស័យក្នុងខេត្តបាត់ដំបង ក្នុងនេះមានវិស័យសុខា
ភិបាលផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner