សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ អបអរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ និយោជិត ជាង ៣ម៉ឺននាក់
(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម XU Kunlin អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជាអធិបតីពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានបងប្អូនកម្មករនិយោជិតចូលរួមសរុបប្រមាណ ៣២ ០០០នាក់ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងកម្ពុជា-ចិន ក្នុងដំណាក់កាល នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ហើយបានក្លាយទៅជាកន្លែងស្រូបការវិនិយោគពីបរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើនកំពុងដំណើរការច្រវាក់ផលិតកម្មនៅទីតាំងនេះ និងកំពុងទទួលបានការរីកចម្រើន ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៨ លើផ្ទៃដីជាង ១ពាន់ហិកតា ស្ថិតនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមកិច្ចសហការវិនិយោគពីក្រុមហ៊ុនចំនួន៣របស់ចិន ។ កាលពីឆ្នាំ២០០៨ ដីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់មួយដែលមួយស្ងប់ស្ងាត់ និងមិនមានសកម្មភាពសេដ្ឋកិច្ចអ្វីនោះឡើយ ប៉ុន្តែក្រោយពេលបង្កើតទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោមការគិតគូរដ៏ច្បាស់លាស់របស់សម្តេចតេជោ និងប្រធានាធិបតី ស៊ី ជិនពីង បានធ្វើឱ្យតំបន់នេះ ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគ ហើយប្រែក្លាយជាតំបន់អ៊ូអរដោយសកម្មភាពកម្មករ និយោជិតយ៉ាងច្រើន ចេញចូលធ្វើការជារៀងរាល់ថ្ងៃ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានបង្ហាញថា សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាស ជាមួយកម្មករនិយោជិត ១០ ៦១៩នាក់ បានកើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត ១១៥ ៨៥៤នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារ អាម៉េរិក។ ដោយឡែក គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបជិត៣០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម ប៉ុន្តែក៏មានរោងចក្រ សហគ្រាស បានផ្អាកដំណើរការផងដែរ។ បច្ចុប្បន្ន មានកម្មករ និយោជិតសរុបជាង ៣ម៉ឺននាក់ កំពុងធ្វើការនៅតាមរោងចក្រ សហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាមួយប្រាក់ឈ្នួលមធ្យម ៣១១ដុល្លារ ។
របាយការណ៍បានបន្តថា អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានដូចជា៖ ចិន តៃវ៉ាន់ បារាំង សេណេហ្គាល់ ស្វីស អាមេរិក អៀឡង់ សិង្ហបុរី ជប៉ុន កូរ៉េ វៀតណាម និងថៃជាដើម។ រោងចក្រ សហគ្រាស ដែលកំពុងដំណើរអាជីវកម្មនៅតំបន់នេះ មានដូចជា រោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារ វេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម ។ ការវិនិយោគនេះ បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ តាមរយៈការទទួលបានប្រាក់ឈ្នួលយ៉ាងទៀតទាត់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ















